(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការីទៅសំណេះសំណាលសាកសួរសុខទុក្ខ និងប្រកាសអង្គភាពដែលត្រូវចងសម្ព័ន្ធមេត្រីភាពជាមួយក្រុមគ្រួសារអតីតយុទ្ធជន និងរៀបចំប្រព័ន្ធសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ បំភ្លឺតាមដងផ្លូវ ព្រមទាំងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលជាសម្ព័ន្ធមន្ត្រីភាព ដើម្បីអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខ ដែលពិធីនេះប្រព្រឹត្តទៅនៅភូមិសហគមន៍អតីតយុទ្ធជននៅឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្ដេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនអតីតយុទ្ធជនរបស់យើង ដែលធ្លាប់មានគុណបំណាច់ចំពោះជាតិនិងមាតុភូមិ នាពេលកន្លងទៅ។ ជាមួយនោះដែរសម្ដេចតេជោ និងសម្ដេចមហាបវរធិបតី លោកបានជូនពរដល់ក្រុមគ្រួសារអតីតយុទ្ធជនទាំងអស់ សូមទទួលបាននូវសុខភាពល្អ និងពុទ្ធពរទាំងបួនប្រការ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ស្បៀងអាហារគ្រឿងឧបភោគបរិភោគ ជូនអតីតយុទ្ធជនចំនួន ១០គ្រួសារ ដែលជាដៃគូសម្ព័ន្ធមេត្រីភាព ដែលជាអំណោយមនុស្សធម៌របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិតពេជ ច័ន្ទមុន្នី ព្រមទាំងរៀបចំតម្លើងបង្គោលភ្លើងប្រើប្រាស់ប្រព័ន្ធពន្លឺព្រះអាទិត្យនៅតាមដងផ្លូវ ចំនួន ៥០ដើម ដែលជាអំណោយឯកឧត្តម នួន ផារ័ត្នអភិបាលខេត្តកំពង់ធំ ប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងលោកជំទាវ ដើម្បីជូនបងប្អូនក្រុមគ្រួសារអតីតយុទ្ធជនអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពេលខាងមុខនេះផងដែរ។
ក្រុមគ្រួសារអតីតយុទ្ធជនចំនួន២០៦ គ្រួសារ ដែលកំពុងរស់នៅលើដីសម្បទានសង្គមកិច្ច និងផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចហាបវរធិបតី ហ៊ុន ម៉ាណែត បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុត និងសូមគោរពជូនពរសម្ដេច និងជំទាវ បុត្រាបុត្រីចៅប្រុសចៅស្រី សូមទទួលបាននូវសុខភាពល្អ ព្រះជន្មាយុយឺនយូរ ដើម្បីដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ។