(ខេត្តកំពង់ធំ)÷ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងខេត្ត ឯកឧត្តម តេ យ៉ូស៊ូ សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ ប្រធាន អនុប្រធានមន្ទីរពាក់ព័ន្ធ អភិបាលរង ក្រុង/ស្រុក ប្រធានការិយាល័យអភិវឌ្ឍន៍ ក្រុង/ស្រុក និងអង្គការដៃគូក្នុងខេត្តសរុបចំនួន ៥១នាក់ ស្រី០៦នាក់ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។
បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍បូកសរុបលទ្ធផលការងារ ដែលបានរាយការណ៍ដោយលោក លោក តាន់ វាសនា រួចមក ឯកឧត្តម អ៉ិន ចន្ថា បានបញ្ចាក់ថា ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងចូលរួមយ៉ាងសកម្មតាមកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤របស់ក្រសួងគឺ៖ ១- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្តោតសំខាន់លើការពង្រឹងគុណភាព ស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាលគឺការពង្រឹងគុណភាព៧០ភាគរយ និងពង្រីក បន្ថែម៣០ភាគរយ។ ២-កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាម រយៈការអប់រំផ្នត់គំនិត ដើម្បីប្រជាជនជនបទ កែប្រែឥរិយាបថ និងការរស់នៅ ប្រកបដោយអនាម័យល្អ និងផាសុកភាព។ ៣-ការធ្វើពិធីកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរនិងប្រាក់ចំណូល។ ៤-ការពង្រឹងស្ថាប័ន ការគ្រប់គ្រងនិងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ត្រី និងការបណ្តុះបណ្តាលមន្ត្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។
នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជាក់ថា ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជំរៅរាជរដ្ឋាភិបាលបានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាការ ដោយផ្អែកលើបាវចនាចំនួន៥គឺ៖(កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចិរភាព) មានគោលដៅជាយុទ្ធសាស្ត្រចំនួន៥គឺ៖ ១-ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ២-បង្កើតការងារឱ្យបានកាន់តែច្រើន, ៣-សម្រេចឱ្យបាននូវគោលដៅ ៤-កាត់បន្ថយភាព ក្រីក្របន្តពង្រឹងសមត្ថភាពអភិបាលកិច្ចនិងលើកកម្ពស់គុណភាពស្ថាប័ន ៥-ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ជាមួយគ្នានេះផងដែរឯកឧត្តម បានបន្ថែមថា រាជរដ្ឋាភិបាលបានកំណត់យក វិស័យអាទិភាពគន្លឹះចំនួន៥រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូល កម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ ជនបទកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាប័ន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ឱ្យកាន់តែរីកចម្រើនជាលំដាប់។ អត្ថបទលោក ធូ កែវមុន្នី