ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្របត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្ដា បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទ បន្ដចុះជួប សំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដែលជាគ្រឿងឧបភោគ បរិភោគ ដ៏ថ្លៃថ្លារបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ផ្ដល់ជូនយោធិននារី អតីតយុទ្ធកម្ពុជាខេត្ត ជាច្រើនគ្រួសារ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ។
ពិធីចែកអំណោយសម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅភូមិសំរោង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ។ អំណោយដែលយោធិននារីទទួលបាននៅពេលនោះ រួមមាន៖ អង្ករ មី ត្រីខកំប៉ុង ទឹកត្រី ទឹកស៊ីអ៊ីវ រួមទាំងថវិកាមួយចំនួន ផងដែរ។
ឈ្លាតក្នុងឱកាសនោះ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៍ ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្តីនឹករឭកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងថ្នាក់ដឹកនាំកំពូលៗសមាគមអតីតយុទ្ធជនកម្ពុជា ដែលតែងតែគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូនយោធិន អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជនជានិច្ច។
លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានថ្លែង រំលឹកពីគំរូវីរភាពដ៏អង់អាចក្លាហាន របស់អតីតយុទ្ធជនកម្ពុជា ដែលកន្លងមកធ្លាប់ចូលរួមចំណែកក្នុងការកសាង រំដោះជាតិ មាតុភូមិ ឲ្យរួចផុតពីភ្លើងសង្រ្គាម ធ្វើឱ្យមានសុខសន្ដិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ រហូតមកដល់បច្ចុប្បន្ននេះ។
យោធិននារី ដែលជាអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ បានសម្តែង នូវការអរគុណយ៉ាងជ្រាលជ្រៅបំផុត និងគោរពជូនពរ សម្តេចធិបតី នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមទាំង ថ្នាក់ដឹកនាំសមាគមថ្នាក់ខេត្តគ្រប់លំដាប់ថ្នាក់ ដែលតែងតែយកចិត្តទុកដាក់ គិតគូរជួយដល់អតីតយុទ្ធជនកម្ពុជាខេត្តគ្រប់ពេលវេលា ក្នុងពេលកំពុងជួបការលំបាក ខ្វះខាតក្នុងជីវភាពប្រចាំថ្ងៃ។
យោធិននារីកម្ពុជាខេត្តព្រះវិហារ បានលើកដៃប្រណម ហើយបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក តាមជួយបីបាច់ថែរក្សា ប្រសិទ្ធិពរជ័យ បវរមហាប្រសើរ ដល់ថ្នាក់ដឹកនាំសមាគមគ្រប់លំដាប់ថ្នាក់ និងថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជួបតែសេចក្ដីសុខ ចម្រើន សុភមង្គល ក្នុងក្រុមគ្រួសារ ទទួលបានជោគជ័យគ្រប់ភារកិច្ច ជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋជានិច្ច៕ដោយ៖ឡុង សំបូរ