សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម  ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទួលក្បិល

0

(កំពង់ធំ)÷ សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋម  ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យទួលក្បិល ដែលទើបជ្រើសរើសថ្មីចំនួន ៥៩នាក់ ស្រី៥៥នាក់ ក្រោមអធិបតីភាពលោក ចាន់ ថា នាយកវិទ្យាល័យទួលក្បិល ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។

លោក លន់ ឡូត ប្រធានការិយាល័យអភិវឌ្ឍន៍ បានបង្ហាញពីគោលបំណងនៃវគ្គបណ្តុះបណ្តាលខាងលើ ដើម្បីផ្តល់ចំណេះដឹងស្តីពិប្រវត្តិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលការណ៍គ្រឹះទាំង៧ របស់ចលនា សកម្មភាពកាកបាទក្រហមកម្ពុជា ឱ្យយុវជនកាកបាទក្រហមយល់ដឹងពីគោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា តួនាទី ភារកិច្ចរបស់យុវជន ព្រមទាំងចេះវិជ្ជាសង្រ្គោះបឋម ដើម្បីជួយខ្លួនឯង មិត្តភក្តិ បងប្អូន គ្រួសារ។

នៅក្នុងឱកាសនោះដែរលោក ចាន់ ថា បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញបន្ថែមនិងបើកវគ្គ ជូននាពេលនេះគោលបំណងដើម្បីឱ្យប្អូនបានដឹងអំពីប្រវត្តិចលនាគោលការណ៍គ្រឹះកាកបាទក្រហម និងអឌ្ឍចន្ទក្រហម គោលនយោបាយយុវជនកាកបាទក្រហមកម្ពុជា តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។

ជាមួយគ្នានោះដែរលោកនាយកសាលាទួលក្បិល ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវ÷ ខិតខំយកចិត្តទុកដាក់ក្នុងវគ្គបណ្តុះបណ្តាល រក្សាសេចក្តីថ្លៃថ្នូរ វិន័យ និងបទបញ្ជាផ្ទៃក្នុងរបស់យុវជនកាកបាទក្រហមកម្ពុជា។ រៀនសូត្រឱ្យក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ។ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន។
គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន។ ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមទីសាធារណ:ផ្សេងៗ  ចៀសវាងការប្រើប្រាស់អំពើហឹង្សា។ ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ។ ចូលរួមជួយការងារសាលា និងសកម្មភាពមនុស្សធម៌ ឱ្យបានផុសផុល។ ត្រូវយកវិជ្ជាសង្គ្រោះបឋមផ្សព្វផ្សាយបន្ត ដល់ដល់មិត្តភក្តិ បងប្អូន និងគ្រួសាររបស់ខ្លួន និងជួយតាមជំនាញដែលបានរៀន ៕