ខេត្តស្ទឹងត្រែង៖ សិក្ខាកាម ៨៥នាក់ នៃបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ ចំណុះយោធភូមិភាគទី១ ស្ទឹងត្រែង ទទួលបានការហ្វឹកហ្វឺន បណ្តុះបណ្តាលលើមុខជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធនៅលើសរមភូមិ ដែលស្របទៅតាមគោលការណ៍ និងយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា។
ពិធីបើកវគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ បានធ្វើឡើងក្រោមអធិបតីភាព លោកឧត្ដមសេនីយ៍ទោ មៀច សាមុត មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ នារសៀល ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដែលមានការចូលរួមពីសិក្ខាកាម ១០៥នាក់ ក្នុងនោះ គ្រូយោធាចារ្យ ១៥ នាក់ អ្នកបំរើការ ០៥ នាក់ និងកម្មសិក្សាការី ៨៥នាក់ ហ្វឹកហ្វឺនរយៈពេល ៤៥ថ្ងៃ សិក្សាខ្លឹមសារមេរៀនលើមុខជំនាញក្បាច់គុន នៃកងយោធពលខេមរភូមិន្ទ និងអប់រំចិត្តសាស្ត្រ ។
មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ១២៨ លោកឧត្តមសេនីយ៍ទោ មៀច សាមុត មានប្រសាសន៍ថា វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខេមរភូមិន្ទ នាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងចូលរួមចំណែកការពារ អភិរក្សក្បាច់គុនបុរាណខ្មែរ ផងដែរ។
លោកឧត្តមសេនីយ៍ទោ មៀច សាមុត បានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវចងចាំថា កត្តាចាំបាច់ដែលធ្វើឲ្យជោគជ័យ នៅក្នុងការបណ្តុះបណ្តាលធនធានមនុស្ស នៃកងយោធពលខេមរភូមិន្ទ បានល្អ ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុង ក្រុមការងារគ្រប់គ្រងវគ្គ ត្រូវមានគោលការណ៍ និងចក្ខុវិស័យច្បាស់លាស់។ រីឯគ្រូយោធាចារ្យ ត្រូវរៀបចំឯកសារមេរៀនគ្រប់គ្រាន់ និងល្អៗ និងអនុវត្តន៍នូវវិន័យម៉ឺងម៉ាត់ទាំងនៅក្នុងថ្នាក់ ក៏ដូចជានៅទីលាន យើងទាំងអស់គ្នាត្រូវគោរពច្បាប់របស់រដ្ឋ បទបញ្ជា ផែនការរបស់ថ្នាក់លើ ពិសេសគោរពអនុវត្តលក្ខន្តិកៈទូទៅ នៃកងយោធពលខេមរភូមិន្ទ និងត្រូវប្ដេជ្ញាការពារ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលប្រសូតចេញពីការបោះឆ្នោតដ៏ត្រឹមត្រូវយុត្តិធម៌ ចូលរួមអនុវត្តឱ្យបានជោគជ័យកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ។
តំណាងសិក្ខាកាមទាំងអស់ បានប្ដេជ្ញាចិត្តខិតខំរៀនសូត្រ មានវិន័យខ្ពស់ គោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រឲ្យបានទៀងទាត់ និងនៅពេលបញ្ចប់វគ្គទទួលបានលទ្ធផលល្អគ្រប់ៗគ្នា។
នាឱកាសនោះ លោកឧត្ដមសេនីយ៍ទោ មៀច សាមុត និងភរិយា ក៏បានឧបត្ថម្ភត្រីខកំប៉ុង និងគ្រឿងឧបភោគ បរិភោគ មួយចំនួន ដល់វគ្គហ្វឹកហ្វឺនជំនាញក្បាច់គុន នៃខេមរភូមិន្ទ នៅបញ្ជាការដ្ឋានកងពលតូចអន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ ផងដែរ៕ដោយ៖ឡុង សំបូរ