រដ្ឋបាលខេត្តស្ទឹងត្រែងកម្ពុជា និងខេត្តប៊ិញហ្វឿកវៀតណាម ប្តេជ្ញាបន្តពង្រឹងទំនាក់ទំនង រឹតចំណងមិត្តភាពជិតស្និទ្ធ និងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់តែល្អប្រសើរថែមទៀត

0

ខេត្តស្ទឹងត្រែង៖ ការប្តេជ្ញា រវាងរដ្ឋបាលខេត្តស្ទឹងត្រែង កម្ពុជា និងខេត្តប៊ិញហ្វឿក វៀតណាម បានធ្វើឡើងក្នុងជំនួបសួរសុខទុក្ខរបស់ គណៈប្រតិភូខេត្តប៊ិញហ្វឿក វៀតណាម មកកាន់ខេត្តស្ទឹងត្រែង នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ជាង ២សប្តាហ៍ទៀត ខាងមុខនេះ។

ប្រធានក្រុមប្រឹក្សាខេត្តស្ទឹងត្រែង លោក ឈាង ឡាក់ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា រួមនឹងគណៈប្រតិភូថ្នាក់ខេត្ត បានទទួលជួបស្វាគមន៍ គណៈប្រតិភូខេត្តប៊ិញហ្វឿក ដែលដឹកនាំដោយ លោកស្រី ត្រើន ទ្វេហៀន អនុលេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញ ហ្វឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម យ៉ាងកក់ក្តៅ និងរាក់ទាក់បំផុត។

អភិបាលខេត្តស្ទឹងត្រែង​ លោក សរ សុពុត្រា បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រកម្ពុជា មានកិត្តិយស ប្រកបនូវមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅបំផុត នៃការជួបសួរសុខទុក្ខថ្នាក់ដឹកនាំ រួមនឹងប្រជាជនវៀតណាម នៅក្នុងឱកាសបុណ្យចូលឆ្នាំឆ្នាំថ្មី ប្រពៃណីជាតិខ្មែរនេះ។

លោក សរ សុពុត្រា បានថ្លែងទៀតថា ការងារទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាង ខេត្តស្ទឹងត្រែង និងខេត្តប៊ិញហ្វឿក  បានឈរលើស្មារតីកិច្ចសហការជាបងប្អូន រវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម)។ លោកថា ក្នុងរយៈពេលកន្លងទៅន ថ្នាក់ដឹកនាំ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ តែងបានយកចិត្តទុកដាក់ សហការគា្នទៅវិញទៅមក ទទួលបានលទ្ធផលល្អប្រសើរ ដែលជាកត្តាមូលដ្ឋានរួមចំណែកយ៉ាងសំខាន់ ដល់ចំណងសាមគ្គីភាព មិត្តភាព យូរអង្វែង ទាំងការងារ ដឹកនាំ ការអភិវឌ្ឍន៍ ការទំនាក់ទំនង ការងារសេដ្ឋកិច្ច ពាណិជ្ជកម្ម សង្គមកិច្ច ហើយក្នុងរយៈពេលកន្លងមកនេះ គឺប្រកបដោយស្មារតីជាអ្នកជិតខាងល្អ សាមគ្គីភាព ជំនឿជឿជាក់ និងការយោគយល់គ្នាទៅវិញទៅមក ក៏ដូចជាកិច្ចសហប្រតិបត្តិការល្អប្រសើរ ក្នុងគោលជំហរជាមិត្ត ជាបងប្អូន ចំពោះគ្នាទៅវិញទៅមក។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប៊ិញ ហ្វឿក លោកស្រី ត្រើន ទ្វេហៀន បានថ្លែង ពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីថ្នាក់នាំខេត្តទាំងអស់ ចំពោះថ្នាក់ដឹកនាំ នៃរដ្ឋបាលខេត្តស្ទឹងត្រែង និងបានចាត់ទុកការចូលជួបសម្តែងការគួរសម និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ បានបង្ហាញពីទំនាក់ទំនងល្អ មានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើររវាងទាំងខេត្តទាំងពីរ (កម្ពុជា-វៀតណាម)។

លោកស្រី ស្រី ត្រើន ទ្វេហៀន បានបន្តថា ប្រទេសវៀតណាម និងកម្ពុជា មានទំនាក់ទំនងល្អជាប្រពៃណី ហើយកាយវិការ នៃការជួបសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីនេះ ខេត្តទាំងពីរ និងប្រទេសទាំងពីរ តែងតែជូនពរគ្នាទៅវិញទៅមក និងបានបង្ហាញបន្តដល់កូនចៅជំនាន់ក្រោយ ឱ្យបន្តនូវប្រពៃណីដ៏ល្អនេះ ដើម្បីឱ្យចំណងមិត្តភាព រវាងវៀតណាម-កម្ពុជាកាន់តែមានភាពជិតស្និទ្ធ រឹងមាំបន្ថែមទៀត៕ដោយ៖ឡុង សំបូរ