រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ចុះពិនិត្យការប្រមូលផលស្រូវរបស់កសិករ ក្នុងសង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ

0

បន្ទាយមានជ័យ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងគណៈប្រតិភូអមដំណេីរ បានអញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ សង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ព្រមទាំងបានចុះពិនិត្យការប្រមូលផលស្រូវរបស់កសិករ ក្នុងសង្កាត់កោះពងសត្វ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥ ។

ក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការ ដោះស្រាយបញ្ហាប្រឈមរបស់ប្រជាកសិករ និងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងមានគុណភាពខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំអំពីគំនិតផ្តួចផ្តើមទំនើបកម្មកសិកម្មថ្មី ដែលផ្តោតលើទស្សនវិស័យ “គិតទុកជាមុន និងមានទីផ្សារមុនដាំ” ដោយលើកទឹកចិត្តឱ្យមានការបង្កើតសហគមន៍កសិកម្មទំនើប។ គំរូនេះនឹងជួយឱ្យកសិករអាច៖ ផលិតរួមគ្នា និងលក់រួមគ្នា ដើម្បីបង្កើនអំណាចទីផ្សារ កាត់បន្ថយថ្លៃដើមលើធាតុចូលកសិកម្ម
បង្កើនប្រាក់ចំណេញតាមរយៈការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា សហគមន៍កសិកម្មទំនើបនឹងដំណើរការតាមគោលការណ៍ស្ម័គ្រចិត្ត និងប្រជាធិបតេយ្យ ដើម្បីធានាបាននូវការចូលរួមពេញលេញពីកសិករ។ ក្រសួងនឹងដើរតួជាអាណាព្យាបាល ផ្តល់ការគាំទ្រ និងការសម្របសម្រួល ដោយធានាឱ្យមានតម្លាភាពក្នុងគ្រប់ដំណើរការ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានជំរុញឱ្យមន្ត្រីកសិកម្មឃុំពង្រឹងទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅតាមមូលដ្ឋាន និងសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីធានាថាព័ត៌មាននិងសេវាកម្មអាចទៅដល់អ្នកដែលត្រូវការវាបំផុត។

គោលដៅរួមនៃកិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធានាឱ្យមានការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងតំបន់៕ដោយ៖ឃិន គន្ធា