សៀមរាប៖ អង្គសន្និបាតដែលធ្វើឡើងក្នុងគោលបំណងដើម្បីធ្វើការផ្សព្វផ្សាយពីសមទ្ធិផល និងលទ្ធផលការងារនៃការអនុវត្តតួនាទី ភារកិច្ចរបស់រដ្ឋបាលខេត្ត ធៀបទៅនឹងផែនការប្រចាំឆ្នាំ ព្រមទាំងធ្វើការឆ្លុះបញ្ចាំងពីចំណុចខ្លាំង ខ្សោយ និងបញ្ហាប្រឈមនានាដែលបានជួបប្រទះក្នុងឆ្នាំកន្លងមក និង ពិភាក្សាដាក់ចេញនូវទិសដៅ
អាទិភាពនានា សម្រាប់បន្តអនុវត្តក្នុងឆ្នាំ២០២៥ សំដៅឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋានឲ្យកាន់តែប្រសើរឡើង ដែលបានដំណើរការទៅអស់រយៈពេលមួយថ្ងៃកន្លះ នៅសាលប្រជុំមន្ទីរពេទ្យជ័យវរ្ម័ន្តទី៧ ត្រូវបានបិទនៅថ្ងៃទី ២៨ ខែ មីនា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោកជំទាវ ខេង តារាស៊ី សមាជិកាក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន អភិ បាលរងខេត្តសៀមរាប ។
ថ្លែងក្នុងពិធីបិទសន្និបាតរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន បានស្នើឲ្យអ្នកពាក់ព័ន្ធវិស័យសុខាភិបាលក្នុងខេត្តទាំងអស់ បន្តចូលរួមចំណែកឧបត្ថម្ភគាំទ្រ និងបន្តកិច្ចខិតខំប្រឹងប្រែងឲ្យកាន់តែសកម្មបន្ថែមទៀត ដើម្បីឲ្យខេត្តសៀមរាបឈានទៅសម្រេចជោគជ័យ ស្របតាមចក្ខុវិស័យ នៃការអភិវឌ្ឍន៍ វិស័យសុខាភិបាល និង ជាមូលដ្ឋានគ្រឹះ សម្រាប់គាំទ្រការពង្រីកវិសាលភាពឆ្ពោះទៅកាន់គោលដៅ នៃការគ្រប ដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០៣៥ ប្រកបដោយប្រសិទ្ធភាព ។
លោក នាក់ ណេរ៉ុន បានបន្តទៀតថា ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធ សូមផ្តល់យកចិត្តទុកដាក់ខ្ពស់បន្ថែមក្នុងអនុវត្តន៍ និងចូលរួមគាំទ្រ ក្នុងដំណើរការផ្តល់សេវាជូនប្រជាជនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធភាព សមធម៌ និងការជឿជាក់ ពិសេសបន្តយកចិត្តទុកដាក់លើផែនការកន្លឹះក្នុងវិស័យសុខាភិបាល ព្រោះការងារនេះ មិនអាស្រ័យលើមន្ត្រីសុខាភិបាល តែមួយតួអង្គ ប៉ុណ្ណោះទេ គឺទាមទាឲ្យគ្រប់គ្នា រួមទាំងប្រជាជនទាំងអស់ចូលរួម និងផ្តល់កិច្ចសហការផងដែរ ព្រោះអ្នកពាក់ព័ន្ធទាំងអស់នេះហើយ ជាភ្នែកជាច្រមុះ មិនអាចខ្វះបាន ក្នុងការតម្រង់ទិស ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលឲ្យមានភាពប្រសើរឡើង និងការលើកកម្ពស់កិត្ដិយស និងសេចក្ដីថ្លៃថ្នូរនៃព្រះរាជាណាចក្រកម្ពុជា ។ លោកអភិបាលរងខេត្ត បានផ្តល់នូវអនុសាសន៍ គន្លឺះសំខាន់ៗ ជូនថ្នាក់ដឹកនាំ អ្នកពាក់ព័ន្ធ និងមន្រ្តីនៃមន្ទីរសុខាភិបាល ត្រូវ បន្តអនុវត្តកម្មវិធីយុទ្ធសាស្ត្រក្រសួងសុខាភិបាល ផែនការអាទិភាព និងផែនការគន្លឹះវិស័យសុខាភិបាលឱ្យមានប្រសិទ្ធភាពខ្ពស់ និងការទទួលខុសត្រូវ។យកចិត្តទុកដាក់ និង បង្កើនជម្រុញការងារថែទាំសុខភាពបឋមជូនប្រជាជន នៅគ្រប់មូលដ្ឋាន សុខាភិបាលសុខភាពសាធារណៈទាំងអស់ និង បន្តខិតខំដោះស្រាយបញ្ហាប្រឈម ដែលនៅសេសសល់ក្នុងឆ្នាំ២០២៤ និងអនុវត្តឲ្យមានប្រសិទ្ធភាពទិសដៅឆ្នាំ២០២៥ ។ ត្រូវពង្រឹងលើការងារអប់រំ លើកកម្ពស់សុខភាព ដែលជាអាទិភាពចម្បង តាមរយៈផ្សព្វផ្សាយនូវសារអប់រំសុខភាព ដើម្បីបន្តយុទ្ធនាការផ្លាស់ប្តូរឥរិយាបទនៃការរស់នៅជាប្រចាំរបស់ប្រជាពលរដ្ឋ ដូចជា (តិចអំបិល តិចខ្លាញ់ តិចស្ករ) និងកាត់បន្ថយការប្រើប្រាស់គ្រឿងស្រវឹង និងថ្នាំជក់ជាដើម ឲ្យមានភាពល្អប្រសើរ ។ ត្រូវបន្តលើកកម្ពស់គុណភាព និងកែលម្អសេវាសុខាភិបាល ព្រមទាំងអន្តរាគមន៍សុខភាពសាធារណៈឲ្យបានទាន់ពេលវេលានៅតាមមណ្ឌលសុខភាព ។ ត្រូវពង្រឹងសមត្ថភាព ការអនុវត្ដន៍ក្រមសីលធម៌វិជ្ជាជីវៈរបស់មន្រ្តីរាជការសុខាភិបាល តាមរយៈអភិបាលកិច្ច ដើម្បីឲ្យការផ្តល់ សេវាជូនប្រជាជនទាន់ពេលវេលា ។
លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត បានបញ្ជាក់ថា អង្គសន្និបាតបានរំលេចឡើងនូវលទ្ធផលល្អប្រសើរ បើធៀបនឹងបណ្តាឆ្មាំមុនៗ ដោយបានបង្ហាញ ពីសក្តានុពលនៃការផ្តល់សុខភាពសាធារណៈគ្រប់កម្រិត គឺ ពីកម្រិតថ្នាក់មូលដ្ឋានរហូតដល់កម្រិតថ្នាក់ជាតិ ពិសេស មន្ទីរពេទ្យបង្អែកខេត្តមានផ្តល់សេវាឯកទេសសម្រាប់អ្នកជំងឺគ្រប់វ័យ និងមន្ទីរពេទ្យជ័យវរ្ម័ន្នទី៧ផ្តល់សេវាឯកទេសសម្រាប់កុមារកម្រិតខ្ពស់ថ្នាក់ជាតិ និងមានប្រព័ន្ធទំនាក់ទំនងបញ្ជូនអ្នកជំងឺទាន់ពេលវេលាបើធៀបនឹងបណ្តាឆ្នាំមុនៗ ពិសេសការពិភាក្សាជាក្រុមលើប្រធាបបទសំខាន់ ដែលជាការងារអាទិភាព និង ជាផែនការគន្លឹះវិស័យសុខាភិបាល ក្នុងការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕





































