បាត់ដំបង: បើគេចំណាយតែប្រាក់ចំនួន50បាតនោះគេនឹងបានសំបុត្រមួយសន្លឹកដើម្បីចូលទៅលេងឬភ្នាល់ដាក់លុយយ៉ាងសប្បាយជាមួយនឹងល្បែងជល់មាន់និងល្បែងអាប៉ោងដែលគេបើកដោយចំហរនៅក្នុងកាសុីណូយីហោ វ៉ាណាធៀន ហ្រេ្គនដ៍រីសត អិលធីឌី ដែលស្ថិតនៅត្រង់ផ្លូវបំបែកទៅ
ច្រកតំបន់ភ្នំដីក្នុងភូមិគីឡូ13 ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយការទិញសំបុត្រនេះត្រូវចូលតាមច្រកទ្វារខាងក្រោយហើយចង់លេងជល់មាន់ក៏បាន ហើយចង់លេងអាប៉ោងក៏បាន ពិសេសើបើ ចង់លេងហ្គេមបែបស្លុតម៉ាសុីនក៏កាន់តែប្រសើរដែរព្រោះវាមានទីតាំងនៅជាប់គ្នា. ។
គួរបញ្ជាក់ថា កន្លងមកក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុធ្លាប់ចេញសារាចរណែនាំមួយដោយយោងទៅលើបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាលបានជំរាបដល់បណ្តាកាសុីណូទាំងអស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាគឺមិនអនុញ្ញាតិអោយជនជាតិខ្មែរចូលលេងជាដាច់ខាត បើកាសុីណូណាមិនអនុវត្តន៍តាមសារាចរណែនាំនេះទេ ក្រសួងមានសិទ្ធិដកហូតអាជ្ញាប័ណ្ណដោយធ្វើការផ្អាកអាជីវកម្ម។ផ្ទុយទៅវិញគេសង្គេតឃើញថាកាសុីណូមួយកន្លែងនៅក្នុងស្រុកសំពៅលូនដែលមានយីហោ វ៉ាណាធៀន ហ្រេ្គនដ៍រីសត អិលធីឌី បានបើកអោយ
ដំណើរការនូវល្បែងជល់មាន់និងអាប៉ោងយ៉ាងគគ្រឹកគគ្រេងដោយក្នុងនោះមានជនជាតិខ្មែរចូលទៅលេងប្រមាណ90% ក្រៅពីនោះគឺជាជនជាតិថៃ ហើយក្នុងមួយសប្តាហ៍គេកំណត់ថ្ងៃលេងចំនួន3ថ្ងៃគឺថ្ងៃច័ន្ទ ព្រហស្បតិ៍ និងសុក្រ ដែលក្នុងមួយថ្ងៃៗមានភ្ញៀវខ្មែរស្ទើរតែទាំងស្រុងដោយសង្វៀនមានចំនួន3គឺធំមួយនិងតូចពីរ ហើយក៏មានអាប៉ោងមួយវង់ផងដែរដែលគេបានដាក់តុយ៉ាងវែងដូចជាតុបាយសំរាប់អោយភ្ញៀវអង្គុយចាក់. ។បើតាមប្រភពអ្នកលេងដែលភាគច្រើនទៅពីខេត្តបាត់ដំបងបាននិយាយថានៅទីនោះគឺលេងស្រួលដោយមិនភ័យនឹងប៉ូលីសចាប់ឡើយហើយម្យ៉ាងទៀតពេលឈប់លេងជល់មាន់បើចង់ចូលទៅចាក់ហ្គេមស្លុតម៉ាសុីនដែលសុីសងលុយសុទ្ធក៏ងាយស្រួលដែរព្រោះទីតាំងនេះវានៅជិតគ្នាហើយទីនេះគឺគេបើកលែងស្ទើរតែចង់ដុះស្លែទៅហើយគ្មានអ្នកណាហ៊ានក្អកនោះទេ. ។ជួបជាមួយកម្ពុជាថ្មីតាមរយ:ទូរស័ព្ទកាលពីវេលាម៉ោង9,50 នាទីនាព្រឹកថ្ងៃទី11-11-14បុរសម្នាក់ដែលជាតំណាងក្រុមហ៊ុន វ៉ាណាធៀន បានប្រើសំដីដ៏អសុរសថាអោយសំលឹងមើលនៅទូទាំងប្រទេសផងកុំអោយមើលឃើញតែកន្លែងរបស់លោកពេក ដោយលោកទទួលស្គាល់ថាទីតាំងរបស់លោកពិតជាមានខ្មែរលេងមែន ប៉ុន្តែពេលឮសំណួរពាក់ព័ន្ធទៅនឹងសារាចរណែនាំរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងបទបញ្ជារបស់រាជរដ្ឋាភិបាលស្រាប់តែតំណាងក្រុមហ៊ុននោះបិទទូរស័ព្ទតែម្តង។
ពាក់ព័ន្ធទៅនឹងការចាក់ភ្នាល់ក្នុងម្នាក់ៗចាញ់ឈ្នះរាប់ពាន់ដុល្លារលើមាន់មួយគូៗគួរណាស់តែក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលជាអ្នកចែងច្បាប់នេះមេត្តាដាក់កំលាំងចុះពិនិត្យនិងអង្គេតមើលដោយចង់ដឹងថាហេតុអ្វីបានជាកាសុីណូនេះមានភាពរឹងរូសសោយមិនព្រមអនុវត្តន៍តាមសារាចរណែនាំបែបនេះ? ដើម្បីធានាអោយបាននូវគោលនយោបាយភូមិ ឃុំមានសុវត្តិភាពទាំង9ចំនុចដែលប្រមុខនៃរាជរដ្ឋាភិបាលបានដាក់ចេញនេះតើក្រសួងនឹងមានវិធានការបែបណាទៅវិញព្រោះបច្ចុប្បន្ននៅតាមបណ្តាស្រុកក្នុងខេត្តគេបានលុបបំបាត់ជាបណ្តើរៗហើយដូច្នេះគួរតែជៀសអោយផុតនូវពាក្យរិះគន់ពីមជ្ឈដ្ឋាននានាដោយសារតែក្រុមហ៊ុននេះមិនគោរពច្បាប់. ៕