លោកឧកញ៉ា តាន់ មុន្នី និងលោកជំទាវ អញ្ជើញចូលរួមក្នុងពិធីបុណ្យផ្កាសាមគ្គី នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល ស្រុកកំពង់ស្វាយ

0

(កំពង់ធំ)÷ ព្រះសុខាចារ្យ ណំ សុភ័ក្រ្តា ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក គណៈមហានិកាយ ជាព្រះវិរិយធម្មគុត្ត ព្រះគ្រូអនុគណស្រុកកំពង់ស្វាយ និងជាព្រះចៅអធិការវត្តមុនីរង្សី (ហៅវត្តថ្មី) មន្ត្រីសង្ឃ លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ និងលោកជំទាវ កាំង ឃីតូច លោកយាយលោកតា លោកនាយក លោកគ្រូអ្នកគ្រូ គណៈកម្មការទ្រទ្រង់សាលា និងសិស្សានុសិស្សទាំងអស់ប្រមាណជាង៣០០នាក់ បានអញ្ជើញចូលរួមពិធីបុណ្យផ្កាសាមគ្គី នៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល ស្ថិតនៅភូមិព្រៃព្រាល(ខ) ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។

លោកឧកញ៉ា តាន់ មុន្នី  បានថ្លែងថា ដោយមានការយកចាត់ទុកដាក់ពីគណៈកម្មការគ្រប់គ្រងសាលារៀន លោកយាយលោកតា លោកនាយក នាយិកា លោកគ្រូ អ្នកគ្រូ មាតាបិតា និងសិស្សានុសិស្សទាំងអស់ បានស្រុះស្រួលមូលមតិគ្នាជាឯកច្ឆ័ន្ធ ប្រារព្ធពិធីបុណ្យផ្កាសាមគ្គី ដើម្បីប្រមូលប្រាក់យកមកចាក់បេតុងផ្លូវចូលសាលារៀនដែលមានប្រវែងបណ្តោយ៣៥ម៉ែត្រ ទទឹង៦ម៉ែត្រ មានទំហំសរុប២១០ម៉ែត្រការ៉េ ចំណាយប្រាក់អស់៨.៨២០.០០០រៀលក្នុងនោះ១ម៉ែត្រការ៉េតម្លៃ ៤២.០០០រៀល។

លោកឧកញ៉ាអនុប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ បានមានប្រសាសន៍បន្ថែមទៀតថា សារៈប្រយោជន៍នៃការសិក្សារៀនសូត្ររបស់សិស្សានុសិស្សប្រកបដោយសមត្ថភាព ភាពស្អាតស្អំ ការកសាងធនធានមនុស្សប្រកបដោយចំណេះដឹង ចំណេះធ្វើ គុណធម៌ និងកាយសម្បទា ពង្រីកវិសាលភាព និងប្រសិទ្ធភាព នៃប្រព័ន្ធគាំពារសង្គម បង្កើតការងារ ការពង្រឹងសន្តិសុខ សុវត្ថិភាព និងយុត្តិធម៌សង្គម។

លោកឧកញ៉ា ក៏បានរំលេចអំពីអនុសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន ក្នុងការបំផុសស្មារតីដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងអស់ ឱ្យយល់កាន់តែច្បាស់ អំពីគុណតម្លៃនៃសុខសន្តិភាព រួមគ្នាលើកកម្ពស់វប្បធម៌សន្តិភាព ពង្រឹងធ្លុងមហាសាមគ្គីជាតិក្រោមដំបូលរដ្ឋធម្មនុញ្ញ ចូលរួមការពារនូវឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ចូលរួមការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខជាតិសង្គម។

លោកឧកញ៉ា តាន់ មុន្នី អនុប្រធានសភាពាណិជ្ជកម្មមណ្ឌលកំពង់ធំ-ព្រះវិហារ បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅសាលាបឋមសិក្សា-អនុវិទ្យាល័យ ព្រៃព្រាល ត្រូវខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ក្រេបជញ្ជក់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ ដើម្បីអភិវឌ្ឍខ្លួនជាសសរទ្រូងនៃប្រទេសជាតិ និងគោរពដឹងគុណរាជរដ្ឋាភិបាល។ ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា ចៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញខ្លួនឯង គ្រួសារ និងសង្គមជាតិ មិនប្រព្រឹត្តល្បែងស៊ីសងគ្រប់ប្រភេទ ធ្វើឱ្យមានអំពើហិង្សានៅក្នុងគ្រួសារ។

សូមបញ្ជាក់ផងដែរថា ក្រោយពីប្រារព្ធពិធីបុណ្យប្រាក់សាមគ្គីរួចមក លោកឧកញ៉ា និងលោកជំទាវបានប្រគល់ក្រមាដល់លោកយាយលោកតា ១នាក់១ក្រមាផងដែរ។ អត្ថបទលោក ធូ កែមុន្នី