កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសាខាសមាគមនារីកម្ពុជាខេត្ត ត្រូវបន្តអភិវឌ្ឍន៍សមត្ថភាពខ្លួន ទាំងជំនាញបច្ចេកទេស និងឌីជីថល ដើម្បីជាប្រយោជន៍ និងឆ្លើយតបនឹងសេចក្តីតម្រូវការរបស់ ប្រជាពលរដ្ឋគ្រប់លំដាប់ថ្នាក់ ពិសេសស្ត្រី និងក្មេងស្រី ។ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់សាខាសមាគមនារីកម្ពុជាដើម្បី សន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់សាខាសមាគមនារី ខេត្ត ត្រូវបន្តការខិតខំ ប្រឹងប្រែងគ្រប់សកម្មភាព ដូចជាពង្រឹងរបៀបរបបធ្វើការ របបរាយ ការណ៍ ការបែងចែកតួនាទីភារកិច្ច និងទទួលខុសត្រូវសម្រាប់សាខា អនុសាខាសមាគម នារីទូទាំង ខេត្ត ឱ្យកាន់តែទូលំទូលាយ និងឱ្យបានស៊ីជម្រៅទៅតាមគោលនយោបាយ របស់ប្រមុខ រាជរដ្ឋាភិបាលកម្ពុជា ដែលបានទទួលស្គាល់ថា «ស្ត្រីគឺជាឆ្អឹងខ្នងដ៏រឹងមាំនៃ សេដ្ឋកិច្ច និង សង្គមជាតិរបស់យើងទាំងអស់គ្នា» ។
ឯកឧត្តមអភិបាលខេត្ត បានណែនាំឱ្យបន្តពង្រឹង និងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នា ខាង ទស្សនៈគោលជំហរ នយោបាយសតិអារម្មណ៍ ចាត់តាំងឱ្យកាន់តែរឹងមាំ ជាពិសេសត្រូវរួមគ្នា ថែរក្សាសុខសន្តិភាព ទប់ស្កាត់ឱ្យបាន និងធ្វើការវាយបកទៅវិញ នូវការឃោសនា ការញុះញង់ ការធ្វើប្រជាមតិ ការនិយាយបំប៉ោងសភាពការណ៍ ព័ត៌មានបំភ្លៃខុសពីការ ពិត ដែលប៉ុនប៉ង បង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់សង្គម ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានជំរុញដល់សាខាសមាគមនារីខេត្តកំពង់ចាម ឱ្យបង្កើនការយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋ និងពង្រឹងកិច្ចសហការឱ្យបានល្អ ជាមួយអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សប្បុរសជន ដើម្បីដោះស្រាយ បញ្ហានៅមូលដ្ឋានឱ្យមានប្រសិទ្ធភាពផងដែរ ៕