ខេត្តស្ទឹងត្រែង៖ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខ និងបាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ឡាវ (ព្រំដែនទឹក) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅក្នុងភូមិសាស្ត្រ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ជាប់ព្រំដែនឡាវ ។
កងកម្លាំងការពារព្រំដែនជួរមុខ នៃកម្លាំងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ដែលកំពុងឈរជើងការពារព្រំដែនទឹក នៅលើគោលដៅក្បាលកោះបន្ទាយ, ក្បាលកោះឈើទាលធំ, ក្បាលកោះល្ង, អន្លង់ផ្សោត (បង្គោលលេខ០៣០) និងបង្គោលលេខ០២៩ (ខ្សែព្រំដែនទឹកជាប់ខេត្តព្រះវិហារ) បានទទួលស្វាគមន៍យ៉ាងរាក់ទាក់ នូវដំណើរចុះសួរសុខទុក្ខរបស់ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង។
អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានពាំនាំប្រសាសន៍ ផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផៃ្ទ ចំពោះកងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៃខេត្តស្ទឹងត្រែង។
លោកអភិបាលខេត្តស្ទឹងត្រែង មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងបន្តដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត អាណត្តិទី៧នេះ បាននាំប្រទេសជាតិមកនូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ លោកបន្តថា សម្តេចបានយកចិត្តទុកដាក់ខ្ពស់ ចំពោះប្រជាពលរដ្ឋ និងកងកម្លាំងទាំងអស់ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ ជាពិសេសការចុះជួប សំណេះសំណាលពីថ្នាក់ដឹកនាំខេត្តនាពេលនេះ គឺបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ ចង់ដឹងសុខទុក្ខរបស់កងកម្លាំង និងជាការផ្សារភ្ជាប់រវាងសមរភូមិក្រោយ និងសមរភូមិមុខ បង្កើនការទំនាក់ទំនងគ្នាឱ្យកាន់តែល្អ ក្នុងការជួយទ្រទ្រង់ជីវភាព និងភាពចាំបាច់របស់កម្លាំងជួរមុខ ចំពោះវីរភាពដ៏អង់អាចក្លាហាន ការលះបង់ ការតស៊ូ និងការធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុការពារជាតិ និងប្រជាជននៃយើង។
លោកអភិបាលខេត្តស្ទឹងត្រែង បានថ្លែង លើកទឹកចិត្តដល់សមត្ថកិច្ចគ្រប់គ្រងព្រំដែន ជាពិសេសកម្លាំងកងទ័ព និងនរគបាល ត្រូវសហការរួមគ្នា ដើម្បីគ្រប់គ្រងព្រំដែនលើការទប់ស្កាត់ បង្ការ បង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ឱ្យមានប្រសិទ្ធភាព និងបង្កើនកិច្ចសហប្រតិបត្តិការណ៍ ជាមួយសមត្ថកិច្ច នៃប្រទេសជិតខាង ការចែករំលែកព័ត៌មាន និងការអនុវត្តច្បាប់ ដើម្បីប្រែក្លាយព្រំដែន ជាព្រំដែនមិត្តភាព សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍៕ដោយ៖ឡុង សំបូរ