ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្ដាយអាល័យជាទីបំផុត ចំពោះការបាត់បង់លោក សូត្រ អ៊ុល

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ឧត្តមសេនីយ៍ទោបសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី ដែលជាអតីតក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ទៅចូលរួមបុណ្យសព និងគោរពវិញ្ញាណក្ខន្ធ លោក សូត្រ អ៊ុល មេឃុំ បន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានទទួលមរណភាព ដោយរោគាពាធ ក្នុងជន្មាយុ ៨០ ឆ្នាំ នៅវេលាម៉ោង ១១,០០ នាទីព្រឹកថ្ងៃទី ០១ ខែមេសា ឆ្នាំ ២០២៥ ព្រឹកមិញនេះ នៅភូមិបន្ទាយស្ទោង ឃុំបន្ទាយស្ទង ស្រុកស្ទោង ខេត្តកំពង់ធំ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានថ្លែងនូវការសោកស្តាយ និងក្តុកក្តួលអាឡោះ អាល័យ ជាទីបំផុត ចំពោះការបាត់បង់ជីវិត របស់លោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ដែលធ្លាប់រួមការងារជាមួយគ្នាអស់រយៈពេល ជាង ១៧ ឆ្នាំកន្លងទៅ ក្នុងភារកិច្ចជាក្រុមការងារ និងជាម្ចាស់មូលដ្ឋាន ក្នុងការបម្រើ និងដោះស្រាយការលំបាកផ្សេងៗ ជូនប្រជាជននៅក្នុងឃុំបន្ទាយស្ទោង ស្រុកស្ទោងខេត្តកំពង់ធំ ទាំងមូល ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្នុងរយៈពេលជាង ១៧ ឆ្នាំកន្លងទៅ យើងមានអនុស្សាវរីយ៍ជាច្រើន ហើយបានជួបនូវការលំបាកនិងឧបសគ្គនានា ដោយបានរួមគ្នាក្នុងការដោះស្រាយ រហូតទទួលបានជ័យជំនះ ក្នុងការបោះ ឆ្នោតជាបន្តបន្ទាប់ ដែលត្រូវបានលោកសូត្រ អុល ក្លាយជាមេឃុំ ចំនួន ៥ អាណត្តិជាប់ៗគ្នា។ តែជាអកុសល ថ្ងៃនេះលោកសូត្រ អ៊ុល បានលាពួកយើងទៅជារៀងរហូតហើយ លាដោយគ្មានថ្ងៃវិលត្រឡប់មកវិញបាន ។

នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោសោម ស៊ុន និងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលជាអតីតក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំមន្ទាយស្ទោង បានគោរពវិញ្ញាណក្ខន្ធ នឹងបានសំណេះសំណាលជាមួយក្រុមគ្រួសារសព និងបានប្រគល់ជូនស្បៀងអាហារគ្រឿងឧបភោគបរិភោគ ដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ និងថវិកាមួយចំនួន ជារបស់ក្រុមការងារ ប្រគល់ជូនក្រុមគ្រួសារសព ដើម្បីចូលរួមរំលែកទុក្ខ និងចូលរួមចំណែក ក្នុងការដោះស្រាក្នុងការរៀបចំពិធីបុណ្យសពនៅពេលនេះផងដែរ ។

ក្រុមគ្រួសារសពលោកតា សូត្រ អ៊ុល បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាល ជ្រៅជាទីបំផុត ចំពោះឧត្ដមសេនីយ៍ទោ សោម ស៊ុន និងសហការី ដែលតែងតែបានផ្សារភ្ជាប់មនោសញ្ចេតនា និងសុខទុក្ខ ជាមួយលោក សូត្រ អ៊ុល មេឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ និងក្រុមគ្រួសារគាត់នាពេលកន្លងទៅ និងសូមជូនពរ ឯកឧត្តម អស់លោក លោកស្រីទាំងអស់ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការកុំបីឃ្លៀងឃ្លាតឡើយ  ៕