ភ្នំពេញ ៖គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយរថយន្តឡង់គ្រីស័រមួយគ្រឿង បើកដោយបុរសម្នាក់បានបើកទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយជិះគ្នា៣នាក់ពេញទំហឹង បណ្តាលឱ្យរថយន្តហ៊ីយ៉ាន់ដាយក្រឡាប់កណ្តាលផ្លូវសំណាងល្អអ្នកជិះគ្រាន់តែរងរបួសស្រាល ហើយរថយន្ត បង្កបានបន្ថែមល្បឿនបើករត់គេចខ្លួនតែត្រូវចាប់ឃាត់បានមកវិញ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១២ និង ៥០នាទី អាធ្រាត្រ ឈានចូលថ្ងៃទី១២ វិចិ្ឆកា ២០១៤ នៅចំណុចស្តុប សន្ធរម៉ុក ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្ត ឡង់គ្រីស័រ មួយគ្រឿងពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2S-6604 បើកបរដោយបុរសម្នាក់ ដោយធ្វើដំណើរតាមផ្លូវកម្ពុជាក្រោម ក្នុងទិសដៅ ពីលិចទៅកើតខណៈមកដល់ចំណុចកើតហេតុ ក៏បានជ្រុលទៅបុករថយន្តម៉ាក ហ៊ីយ៉ាន់ដាយ មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ 2Q-0706 ជិះគ្នា៣នាក់ដោយធ្វើដំណើរតាមផ្លូវម៉ោសេទុង ពេញទំហឹងបណ្តាលរថយន្តហ៊ីយ៉ាន់ដាយ ក្រឡាប់ កណ្តាលផ្លូវសំណាងល្អអ្នកបើកបរគ្រាន់តែរងរបួសស្រាល ។
ក្រោយពេលកើតហេតុរថយន្តបង្កបានបើករត់គេចខ្លួនដល់ចំណុចផ្លូវលេខ១៨៤ សង្កាត់ស្រះចក ខណ្ឌដូនពេញត្រូវបានសមត្ថកិច្ចឃាត់បានដើម្បីយកទៅដោះស្រាយគ្នាតាមនិតិវិធីច្បាប់នៅស្នងការដ្ថានរាជធានីភ្នំពេញ៕