កំពង់ធំ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គីម ប៊ុនថាន រដ្ឋមន្ត្រីប្រតិភូអមសម្ដេចនាយករដ្ឋមន្ត្រី តំណាងសម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាំយកស្បៀងអាហារគ្រឿងឧបភោគបរិភោគ និងសម្ភារសំណង់ ផ្ដល់ជូនគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដើម្បីបន្តធ្វើសកម្មភាពមនុស្សធម៌ ជួយដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជនដែលមានជីវភាពលំបាកខ្វះខាត មានស៊ីម៉ង់ត៍ចំនួន ២០តោន ស័ង្កសី ចំនួន ២,០០០សន្លឹក អង្ករចំនួន ៥តោន មីជាតិចំនួន ៥០០កេស ទឹកត្រីទឹកស៊ីអ៉ីវចំនួន ១,០០០ យូរ និងត្រីខកំប៉ុងចំនួន ១០០កេស នាព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ បានបញ្ជាក់ពីរបាយការណ៍អំពីសកម្មភាពដ៏មមាញឹក របស់សមាគមអតីតយុទ្ធជន និងបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងការបម្រើបងប្អូនអតីតយុទ្ធជននិងប្រជាជននៅក្នុងខេត្តកំពង់ធំ ដែលមានជីវភាពលំបាកខ្វះខាតនាពេលកន្លងទៅ បានធ្វើនៅគ្រប់ទីកន្លែង ហើយបានដោះស្រាយការលំបាកដោយផ្ទាល់ ជូនដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជននៅតាមមូលដ្ឋាននានា។
លោកឧត្តមសេនីយ៍ទោ បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរអធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ដែលសម្ដេចនិងលោកជំទាវ តែងតែបានផ្ដល់នូវស្បៀងអាហារគ្រឿងឧបភោគបរិភោគ សម្ភារសំណង់នានា ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ជាបន្តបន្ទាប់នាពេលកន្លងមក ដើម្បីបានធ្វើសកម្មភាពជួយដោះស្រាយនូវរាល់ការលំបាកខ្វះខាតជូនអតីតយុទ្ធជននិងប្រជាជន។
ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានកោតសរសើរឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបម្រើក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាជននៅក្នុងខេត្តកំពង់ធំបានល្អប្រសើរ និងណែនាំត្រូវបន្តសកម្មភាពបម្រើអតីតយុទ្ធជន និងប្រជាជនយើងទាំងអស់ចំគោលដៅ ព្រមទាំងបានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងជូនពរពីសំណាក់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងអតីតយុទ្ធជននៅក្នុងខេត្តកំពង់ធំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ សូមទទួលបាននូវពុទ្ធពរនិងពរទាំង ៥ប្រការកុំបីឃ្លៀងឃ្លាតឡើយ។
ដោយ ប៊ុន រដ្ឋា