ខេត្តកំពត: សង្ក្រាន្តឆ្នាំថ្មីនៅតាមវិទ្យាល័យនានា នៃខេត្តកំពតនឹងចាប់ផ្តើមធ្វើធំនៅក្នុងសប្តាហ៍នេះ ពោលគឺមុនពេលវិសមកាលនៅថ្ងៃទី៦ ខែមេសាខាងមុខ។ សិស្សានុសិស្សកំពុងសប្បាយរីករាយក្នុងការចូលរួមហាត់សម និងលេងល្បែងប្រជាប្រិយផ្សេងៗ ខណៈដែលគណៈគ្រប់គ្រងសាលាថា សង្ក្រាន្តវិទ្យាល័យធ្វើឡើង ដើម្បីគាស់រំលើងវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ការលេងល្បែង របាំប្រជាប្រិយខ្មែរ មកបង្ហាត់បង្ហាញដល់ក្មេងជំនាន់ក្រោយ។
សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ ស្ថិតនៅស្រុកទឺកឈូ ខេត្តកំពត បានលើកឡើងថា សាលាខកខានធ្វើសង្ក្រាន្តវិទ្យាល័យច្រើនឆ្នាំមកហើយ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩មក ទើបតែឆ្នាំនេះសាលាបានអនុញ្ញាតឲ្យរៀបចំធ្វើសង្ក្រាន្តឡើងវិញ។ សិស្សានុសិស្សកំពុងសប្បាយចិត្តយ៉ាងខ្លាំងក្នុងការចូលរួមហាត់សម និងលេងល្បែង និងរាំរបាំជាច្រើនប្រភេទ។ សិស្សានុសិស្សយល់ថា ការរៀបចំសង្ក្រានវិទ្យាល័យ បង្កបរិយាកាសសប្បាយរីករាយនៅក្នុងសាលា បង្កើនសាមគ្គីភាព ពិសេសបានចូលរួមអភិរក្ស ថែរក្សា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីខ្មែរកុំឲ្យបាត់បង់។
នាយករងវិទ្យាល័យព្រះនរោត្តមរណឫទ្ធិ លោក ស៊ុយ ធឹង បានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥នេះថា ប៉ុន្មានថ្ងៃកន្លងមកនេះ សិស្សានុសិស្សបាននាំគ្នា ចូលរួមហាត់សម និងលេងល្បែង រាំរបាំប្រជាប្រិយយ៉ាងសប្បាយរីករាយ ខណៈដែលការរៀបចំសង្ក្រាន្តធំ នឹងធ្វើឡើងនៅថ្ងៃទី៤ ខែមេសា ដោយបំផុសនូវសកម្មភាពជាច្រើនក្នុងន័យអភិរក្ស ថែរក្សា វប្បធម៌ ប្រពៃណី ល្បែង របាំប្រជាប្រិយរបស់ខ្មែរ។
លោកគ្រូនាយករង ក៏បានថ្លែងអំណរគុណថ្នាក់ដឹកនាំខេត្ត ពិសេសឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្ត ក៏ដូចជាលោក អ៊ឹម ច័ន្ទសោធន អភិបាលស្រុកទឺកឈូ ដែលតែងតែគិតគូរ និងជំរុញលើកទឹកចិត្ត ក្នុងការរៀបចំសង្ក្រាន្តវិទ្យាល័យនេះឡើង ខណៈដែលមន្ទីរអប់រំខេត្ត ក៏បានលើកទឹកចិត្តឲ្យរៀបចំកម្មវិធីសង្ក្រាន្តនៅគ្រប់វិទ្យាល័យទូទាំងខេត្តទៅតាមលទ្ធភាព៕ សេង ណារិទ្ធ