គណ:ប្រតិភូមន្ទីរនគរបាលខេត្តគៀងយ៉ាង អញ្ជើញមកជូនពរឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តកែប

0

ខេត្តកែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប រួមជាមួយតំណាងយោធា កងរាជអាវុធហត្ថ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកខេត្តកែប នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានទទួលស្វាគមន៍ គណៈប្រតិភូមន្ទីរនគរបាលខេត្តគៀងយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកវរសេនីយ៍ឯក ង្វៀង ហ្វាំងហឹង នាយកមន្ទីរនគរបាលខេត្តគៀងយ៉ាង និងថ្នាក់ដឹកនាំអមដំណើរ សរុប ចំនួន១៣នាក់ អញ្ជើញមកសួរសុខទុក្ខ និងជូនពរឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពេលឆាប់ៗខាងមុខនេះ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីកងកម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តកែប។

ក្នុងឱកាសនោះប្រធានប្រតិភូនីមួយៗ បានសំដែងនូវការអបអរសាទរ និងគាំទ្រការអភិវឌ្ឍន៍ រីកចំរើនរបស់ព្រះរាជាណាចក្រកម្ពុជា និងបានប្តេជ្ញារួមសហប្រតិបត្តិការ គ្នាឱ្យកាន់តែល្អ រឹងមាំ បន្ថែមទៀតដើម្បីសន្តិភាព និងការអភិវឌ្ឍន៍រៀងៗខ្លួន។

លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានសំដែងនូវក្តីសោមនស្ស សប្បាយរីករាយ និងក៏បានឆ្លៀតជំរាបជូនភាគីវៀតណាម ពីសភាពការណ៍ និងបណ្តាការងារសំខាន់ៗ ចំពោះមុខ និងបានឯកភាពបន្តកិច្ចសហប្រតិបត្តិល្អ ជាមួយគ្នាដើម្បី សន្តិភាព ការអភិវឌ្ឍន៍ រីកចំរើនរៀងៗខ្លួន ឱ្យបានយូរអង្វែងបន្តទៀត។ ក្រោយបញ្ចប់ពិធី ស្នងការដ្ឋាននគរបាលខេត្ត ក៏បានរៀបចំការស្នាក់នៅ និងពិសារអាហារពេលល្ងាច នៅសណ្ឋាគារសង្គហមិត្ត រួមគ្នាផងដែរ៕ សេង ណារិទ្ធ