ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និង អភិបាលខេត្ត ជម្រុញដល់អាជ្ញាធរក្រុង ស្រុក លើបញ្ហាការងារសន្តិសុខ សណ្តាប់ធ្នាប់ និង បញ្ហាការទន្រ្ទានដីតំបន់បី

0

សៀមរាប: មានប្រសាសន៍លើកឡើងរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ នៅព្រឹកថ្ងៃទី ០៣ ខែ មេសា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាខេត្តសៀមរាប បានជម្រុញដល់រដ្ឋបាលក្រុង ស្រុក បង្កើនការយកចិត្តទុកដាក់ខ្ពស់ លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាស ដែលប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត នៅព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំ២០២៥ នៅខេត្តសៀមរាប ព្រមទាំងចូលរួមក្នុងការថែរក្សាបរិស្ថាន អនាម័យឲ្យបានល្អស្អាត ដោយខេត្តសៀមរាបជាគោលដៅរបស់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកពីគ្រប់មជ្ឈដ្ឋានលើកសកលលោក មកធ្វើទេសចរណ៍ ។ ឆ្លងតាមការពិនិត្យ ទៅលើផែនការ៥ឆ្នាំរបស់ ខេត្ត ឯកឧត្តមប្រធានក៏បានធ្វើការបញ្ជាក់ផងដែរថា រល់ការកសាងផែនការ គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំសង្កាត់ ត្រូវ ផ្តោតទៅលើការវិនិយោគធនធានមនុស្ស និង តម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ព្រមទាំងត្រួតពិនិត្យទៅលើផែនការនីមួយៗរបស់ខេត្ត ។ ម៉្យាងទៀតការកសាងផែនការ ត្រូវផ្តោតផងដែរទៅលើបញ្ហាប្រឈម ទាំងនៅថ្នាក់ខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ដើមី្បឲ្យស្របទៅតាមយុទ្ធសាស្ត្រ បញ្ចកោណ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ក្នុងការបនីុ្សគ្នាទៅនឹងផែនការដែលខេត្តបានលើកឡើង ដើមី្បកម្ពុជាក្លាយជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងនោះដែរឯកឧត្តម លី សំរិទ្ធ ក៏វាយតម្លៃខ្ពស់ទៅលើរបាយការណ៍ប្រចាំខែ មីនា របស់រដ្ឋបាលខេត្តដែលអនុវត្តបាន ព្រមទាំងសូមឲ្យធ្វើការត្រួតពិនិត្យឡើងវិញនូវរាល់ខ្លឹមសារ អក្ខាវិរុទ្ធ និង តួលេខ នៅក្នុងរបាយការណ៍ មុននឹងដាក់ឆ្លងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាខេត្ត ។
មានប្រសាសន៍នោះដែរឯកឧត្តម ប្រាក់ សោភ័ណ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលរដ្ឋបាលខេត្ត អនុត្តបានប្រចាំខែមីនា ព្រមទាំងបានធ្វើការណែនាំមួយចំនួន ដល់រដ្ឋបាលក្រុង ស្រុក ក្នុងការអនុវត្តទៅតាមទិសដៅនៃអង្គសន្និបាតរបស់រដ្ឋបាលខេត្តបានដាក់ចេញក្នុងឆ្នាំ២០២៥ឲ្យសម្រេចបានជោគជ័យ ។ កត្តាសំខាន់ត្រូវយកចិត្តទុកដាក់លើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ បំបាត់ឲ្យបានក្រុមក្មេងទំនើង ករណីគ្រឿងញៀន និង គោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្រ្កាបឲ្យខាងតែបានចំពោះបទល្មើសព្រៃឈើ និង ជលផល និង គ្រប់គ្រងឲ្យបាននូវព្រៃលិចទឹកបឹងទន្លេសាប(តំបន់៣) ហើយចំពោះបុគ្គលណានៅតែបំពានរានដីព្រៃលិចទឹកតំបន់បី ត្រូវធ្វើការផ្តន្ទាទោសទៅតាមច្បាប់ផងដែរ ។ ឯកឧត្តមក៏បានលើកផងដែរថា នៅថ្ងៃខាងមុខនេះ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម សំណង់និងសុរិយោដី នឹងធ្វើការប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លី ប្រមាណជា ៣ម៉ឺនប័ណ្ណ ព្រមទាំងធ្វើពិធីប្រកាសបិទយុទ្ធនាការវាស់វែងដីធ្លី ជាលក្ខណៈប្រព័ន្ធ និង ធ្វើការចុះពិនិត្យរាល់ដីដែលពាក់ព័ន្ធបុរាណដ្ឋានផងដែរ ។ ម៉្យាងទៀតនៅថ្ងៃខាងមុខនេះដែរ ខេត្ត សៀមរាប និងបង្កើតកនលែងផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ មិនឲ្យយឺតយ៉ាវដូចមុនឡើយ ។ ឯកឧត្តមក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់នូវបទបញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ ធ្វើការត្រួតពិនិត្យ នូវគ្រប់យានយន្តកែច្នៃ ដែលតែរំខានដល់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងរថយន្តដែលដឹកសំពីងសំពោង លើសចំណុះ និង ធ្វើឲ្យប៉ះពាល់អ្នកធ្វើដំណើរតាមដងផ្លូវ និង ធ្វើឲ្យប៉ះពាល់ដល់បរិស្ថានតាមដងផ្លូវ ( រថយន្តដឹកខ្សាច់ ដឹកដី និង ដឹកអង្កាម )ជាដើម ។ ឯកឧត្តមបានបន្តថា ដោយខេត្តសៀមរាបជាម្ចាស់ផ្ទះ គ្រប់មន្ទីរ អង្គភាព ក្រុង ស្រុក ត្រូវបង្កើនយកចិត្តទុកដាក់ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈនៅតាមមូលដ្ឋានខ្លួន ក្នុងពេលប្រជាពលរដ្ឋចូលរួម សប្បាយសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរខាងមុខ សំខាន់បណ្តាក្រុង ស្រុក ដែលមានភ្ញៀវឆ្លងកាត់ ត្រូវធ្វើអនាម័យ សម្អាតនៅតាមដងផ្លូវឲ្យបានស្អាត ក្នុងការទទួលស្វាគមន៍ភ្ញៀវជាតិ អន្តរជាតិផងដែរ ។
ដើមី្បក្នុងភាពងាយស្រួលលើការងាររបស់ក្រុមប្រឹក្សាខេត្ត ក្នុងការរក្សាទុកឯកសារ ស្របតាមបច្ចេកវិទ្យាឌីជីថល នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ឯកឧត្តម ប្រាក់ សោភ័ណ បានផ្តល់នូវ អាយផេក ចំនួន ២៧គ្រឿង ជូនដល់ក្រុមប្រឹក្សាខេត្ត ដើមី្បប្រើប្រាស់ ក្នុងការកាត់បន្ថយការប្រើប្រាស់ឯកសារជាសន្លឹកក្រដាស ធ្វើឲ្យចំណេញពេលវេលា ទៀតផង ៕