ខេត្តស្ទឹងត្រែង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានចាត់ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរង និងជានាយសេនាធិការកងទ័ពជើងគោក ចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទា វ បណ្ឌិត ពេជ្រ ចន្ទមុន្នី ផ្តល់ជូនយោធិន គ្រប់បណ្តាអង្គភាពចំណុះយោធភូមិភាគទី១ នៅក្នុងឱកាសអបអរសាទរ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ប្រមាណ ២សប្តាហ៍ទៀត ខាងមុខនេះ ។ ពិធីជួបសំណេះសំណាលនោះ បានធ្វើឡើងនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ នៅទីបញ្ជាការយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង ។
មេបញ្ជាការយោធភូមិភាគទី១ ឧត្តមសេនីយ៍ទោ លី សូរ៉ារិទ្ធ បានថ្លែង ស្វាគមន៍យ៉ាងរ៉ាក់ទាក់ និងកក់ក្តៅបំផុត ចំពោះវត្តមានរបស់គណៈអធិបតី និងប្រតិភូអមដំណើរ និងបានរាយការណ៍ជូន អំពីសកម្មភាពអនុវត្តភារកិច្ចការពារជាតិ របស់អង្គភាពយោធភូមិភាគទី១ នាពេលកន្លងមក ដោយបានអនុវត្តយ៉ាងម៉ឺងម៉ាត់នូវបទបញ្ជារបស់ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គមេបញ្ជាការ និងមេបញ្ជាការកងទ័ពជើងគោក ។
នាយសេនាធិការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក ហួត ឈាង បានថ្លែង ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី និង នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក ចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពយោធភូមិភាគទី១ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នៅពេលខាងមុខនេះ។
ឧត្តមសេនីយ៍ឯក ហួត ឈាង បានមានប្រសាសន៍ ណែនាំដល់ថ្នាក់ដឹកនាំ និងយោធិនទាំងអស់ នៃអង្គភាពយោធភូមិភាគទី១ ត្រូវពង្រឹងវិន័យកងទ័ពឲ្យបានម៉ឺងម៉ាត់ ,គោរពបទញ្ជារបស់ថ្នាក់លើ តាមឋានានុក្រមឲ្យបានម៉ឺងម៉ាត់ ,ពង្រឹងសាមគ្គីជាមួយមិត្តរួមអាវុធ ជាពិសេសសាមគ្គីជាមួយប្រជាពលរដ្ឋ ដែលរស់នៅជុំវិញមូលដ្ឋានអង្គភាពឈរជើង ,ចាត់តាំងប្រចាំការ ប្រចាំបញ្ជា ២៤ម៉ោង លើ ២៤ ម៉ោង ,ត្រូវគ្រប់គ្រងចំនួនទ័ពឲ្យបានណែន ,គ្រប់គ្រង់អាវុធយុទ្ធភ័ណ្ឌ គ្រឿងបំពាក់ឲ្យបានល្អ រក្សាការពារសុវត្ថិភាព បណ្តាឃ្លាំងអាវុធគ្រាប់ ,ឃ្លាំងសំភារៈនានាឲ្យបានគត់ហ្មត់ ការពារអគ្គីភ័យ ព្រោះរដូវនេះជារដូវក្តៅ និងត្រូវសហការល្អជាមួយកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដី ថែរក្សាសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីនេះឲ្យបានល្អ ។
នៅក្នុងឱកាសនោះផងដែរ ឧត្តមសេនីយ៍ឯក ហួត ឈាង បានអញ្ជើញប្រគល់អំណោយរបស់ សម្តេចបវរធិបតី និង លោកជំទាវបណ្ឌិត ជូនបណ្តាអង្គភាពចំណុះយោធភូមិភាគទី១ រួមមាន៖ ទីបញ្ជាការយោធភូមិភាគទី១ ទទួលបាន ទឹកក្រូច ២០កេស ទឹកត្រី ២០យួរ ទឹកស៊ីអ៊ីវ ២០យួរ គុយទាវ ២០កេស ស្កសរ ១៥០គីឡូក្រាម ក្រម៉ា ៥០០ និង ថវិកា ១០ លានរៀល ,កងពលតូចអន្តរាគមន៍លេខ១២៨ ទទួលបាន ទឹកក្រូច ៥០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ គុយទាវ ៥០កេស ស្កសរ ២០០គីឡូក្រាម ក្រម៉ា ៥០០ និង ថវិកា ៣លានរៀល ,តំបន់ប្រត្តិបត្តិការសឹករងស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ទទួលបាន ទឹកក្រូច ១០កេស ទឹកត្រី១០យួរ ទឹកស៊ីអ៊ីវ ១០យួរ គុយទាវ ១០កេស ស្កសរ ៥០គីឡូ ក្រម៉ា ១៥០ និងថវិកា ៣ លានរៀល ផងដែរ៕ដោយ៖ឡុង សំបូរ