រដ្ឋបាលខេត្តសៀមរាបចុះសួរសុខទុក្ខនិងនាំយកអំណោយជូនកងទ័ពឈរជើងនៅ ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ

0

សៀមរាប: គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប ដឹកនាំដោយឯកឧត្តម លី សំរិទ្ឋ ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប លោក លី សារី អភិបាលរងខេត្ត តំណាង ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង ឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងវត្តមានគណៈអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីថ្នាក់ដឹកនាំ អង្គភាពមន្ទីរនានាក្នុងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ របស់រដ្ឋបាលខេត្ត ជូនដល់អង្គភាព កងពលតូចអន្តរាគមន៍លេខ៥ ចំណុះឲ្យកងពលធំអន្តរាគមន៍លេខ២ ឈរជើងនៅឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាសមរភូមិជួរមុខទិសទី៣ នៃយោធភូមិភាគទី៤ និងជាអង្គភាពសម្ព័ន្ឋមេត្រីភាពជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ នៅថ្ងៃទី ០៥ ខែ មេសា ឆ្នាំ២០២៥ ។
លោក លី សារី បានជម្រុញនិងលើកទឹកចិត្ត ដល់នាយទាហាន ពលទាហានទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ ហ្វឹកហាត់ក្បួនយុទ្ឋសាស្ត្រឲ្យបានជាប្រចាំ និងត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការជួយអន្តរាគមន៍ទៅនឹងសភាពការណ៍ណាមួយកើតឡើងជាយថាហេតុ ទោះបីស្ថានការណ៍នៅតាមបណ្តោយព្រំដែនកម្ពុជា ថៃ មានសភាពស្ងប់ស្ងាត់ យ៉ាងណាក៏ដោយ ។ លោកអភិបាលរងខេត្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នៃរដ្ឋសភា តែងតែបានបំផុសឲ្យមានទំនាក់ទំនង ចងសម្ព័ន្ធមេត្រីភាពរវាងសមរភូមិក្រោយ និង សមរភូមិមុខ និងតែងតែបានជួបជុំគ្នា ដើម្បីសួរសុខទុក្ខ និង ចែករំលែកនូវសេចក្តីស្រឡាញ់ តាមរយៈនៃការផ្តល់នូវគ្រឿងឧបភោគបរិភោគ និងការឧបត្ថម្ភផ្សេងៗ ដល់នាយទាហាន និងពលទាហាននៅទីនេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងអំឡុងពេលនៃការរីក រាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះ ដែលប្រតិភូខេត្តខកខានមិនបានចុះសាកសួរសុខទុក្ខ ។ លោក លី សារី ក៏បានលើកសម្តែងភាពស្ញប់ស្ញែងចំពោះកងទ័ពកម្ពុជា នូវវីរៈភាពអង់អាចក្លាហាន តស៊ូលះបង់អ្វីៗគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងបូរណភាពដែនដីនិងបាន ធ្វើឲ្យសមរភូមិប្រយុទ្ធនៅព្រំដែន បានក្លាយជាតំបន់ព្រំដែនសន្តិភាព កិច្ចសហប្រតិបត្តិការនិង ការអភិវឌ្ឍន៍ ។ លោកអភិបាលរងខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនកងកម្លាំងទាំងអស់ ស្គាល់ច្បាប់ពីតួនាទីភារកិច្ចកងទ័ព គឺត្រូវឈរលើជំហរដាច់ខាត ក្នុងការការពាររាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋ និង ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាសុខភាព អនាម័យ និង ធ្វើការកសាងជម្រកក្នុងអង្គភាព និងហាត់កីឡាដើម្បីសុខភាពរាងកាយរឹងមាំ ដាំដុះដំណាំបន្លែបង្កា ចិញ្ចឹមសត្វ ដើមី្បផ្គត់ផ្គង់ដល់ជីវភាពក្នុងអង្គភាព និង គ្រួសារកងទ័ព ជាពិសេសលើការគ្រប់គ្រង និង ថែរក្សាអាវុធយុទ្ឋភ័ណ្ឌបានល្អ និងចូលរួមអនុវត្តនូវគោលនយោបាយភូមិឃុំ មានសុវត្ថិភាព សំដៅឆ្ពោះទៅការអភិវឌ្ឍន៍រីកចម្រើន រក្សាបាននូវសុខសុវត្ថិភាពក្នុងមូលដ្ឋានដែលខ្លួនឈរជើង។ ក្នុងនាមខេត្តសម្ព័ន្ធមេត្រីភាព ជាមួយកងពលតូចអន្តរាគមន៍លេខ៥ គណៈប្រតិភូរដ្ឋបាលខេត្តសៀមរាប បាននាំយកនូវ អំណោយជាគ្រឿងឧបភោគបរិភោគ ចំនួន២២មុខ ក្នុងនោះថវិកា២០លានរៀល និង មី១៥០កេស,ស្រាបៀរ ៥០កេស,គ្រឿងភេជ្ជះ ៥០កេស, ទឹកសុទ្ធ ២០០យូរ,ត្រីខ ១០កេស ,ប្រេងម៉ាស៊ូត ២ពាន់លីត្រ ,ស័ង្គសី ២ពាន់សន្លឹក ពុយដាក់ប្រេង ១០ និង អំពូលសូឡា ៥គ្រឿង ,គោ ២ក្បាល , ជ្រូក៤ក្បាល ,សាច់មាន់៣៥គក្រ និង ក្រៅពីនោះជាគ្រឿងឧបភោគបរិភោគ និងជូនដល់បងប្អូនពលទាហានម្នាក់ៗ ២ម៉ឺនរៀលផងដែរ ។ ក្នុងនោះឧបត្ថម្ភដល់កងពលធំអន្តរាគមន៍លេខ២ មាន ស្រាបៀរ៥០កេស, មី ៧០កេស ,ថវិកា ៦លានរៀល និង ឧបត្ថម្ភដល់ថវិកាដល់វរៈសេនាតូចការពារព្រំដែនលេខ១ របស់តំបន់ប្រតិបត្តិការសឹកសៀមរាប ចំនួន ៣០លានរៀលផងដែរ ៕