ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ បានដឹកនាំប្រតិភូ អញ្ជើញចុះសួរសុខទុក្ខ និងនាំសម្ភារ ថវិកា ដែលជាអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន អង្គភាពកងពលតូចអន្តរាគមន៍លេខ៦ ចំណុះកងពលធំអន្តរាគមន៍លេខ២ នៅខេត្តឧត្តរមានជ័យ ដែលជាអង្គភាពសម្ព័ន្ធមេត្រីភាព ក្នុងឱកាសជិតចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ។
ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា សម្ព័ន្ធមេត្រីភាពរវាងកងពលតូចអន្តរាគមន៍លេខ៦ ជាមួយរដ្ឋបាលខេត្តកំពង់ចាម គឺយោងទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ហើយរដ្ឋបាលខេត្តកំពង់ចាមតែងតែចំណាយពេលវាលាក្នុងការចូលរួម លើកទឹកចិត្ត ជាមួយនាយទាហាន ពលទាហាន នៃកងពលតូចអន្តរាគមន៍លេខ៦ ដែលជាកងពលសម្ព័ន្ធមេត្រីភាព ដែលបញ្ជាក់ពីការគាំទ្រ ការថ្លែងអំណរគុណដល់កងកម្លាំងយើងទាំងអស់ ហើយក៏ជាការផ្តល់នូវគុណតម្លៃខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ក្នុងការការពារបូរណភាពទឹកដីរបស់យើង។
អំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ដែលត្រូវប្រគល់ជូននាពេលនេះរួមមាន៖រថយន្តម៉ាកស្តារិច ចំនួន២គ្រឿង ឧបត្ថម្ភកងពលធំអន្តរាកមន៍លេខ២ ថវិកាចំនួន១០លានរៀល កងពលតូចអន្តរាគមន៍លេខ៦ ថវិកាចំនួន៥០លានរៀល ឧបត្ថម្ភនាយទាហាន នាយទាហានរង និងពលទាហានចំនួន១,៣៥៥នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៣មុឺនរៀល, ភេសជ្ជៈប៉ូវកម្លាំងចំនួន២០០កេស, ស្រាប៊ៀ ចំនួន៣០០កេស មីចំនួន២០០កេស, បន្លែមួយចំនួន សាច់ជ្រូកចំនួន២០០គីឡូក្រាម សាច់មាន់ ចំនួន៣១០គីឡូក្រាម សម្ភារបរិក្ខា និងថ្នាំពេទ្យចំនួន២១មុខផងដែរ៕