ថ្នាក់ដឹកនាំក្រសួងការពារជាតិ ចុះសួរសុខទុក្ខយោធិននៅមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាប

0

សៀមរាប:  ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន អគ្គនាយក អគ្គនាយកដ្ឋានយោធសេវា តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន សៀមរាប បានដឹកនាំប្រតិភូក្រសួងការពារជាតិ ចុះសួរសុខទុក្ខបងប្អូននាយទាហាន នាយទាហានរង និងពលទាហាន និង នាំយកអំណោយ និង ថវិការបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា និងលោកជំទាវ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ ចំនួន២៩៣គ្រួសារនៅមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាប នៅរសៀលថ្ងៃទី ៧ ខែ មេសា ឆ្នាំ២០២៥។
បន្ទាប់ពីកិច្ចស្វាគមន៍របស់ឧត្តសេនីយ៍ឯក ពៅ ស៊ា នាយកមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ សៀមរាបរួចមក ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បានអរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណស្ថាបនិកមគ្គទេសក៍ឯក និង ប្រតិបត្តិករនយោបាយ ឈ្នះឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ។ ឯកឧត្តមក៏បានពាំនាំនូវការផ្តាំផ្ញើរ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោកជំទាវ , សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង លោកជំទាវ ,ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ដែលជានិច្ចកាល សម្តេចតែងតែគិតគូរពីសុខទុក្ខ និង ជីវភាពរស់នៅរបស់យោធិន នាយទាហាន នាយទាហានរង និងពលទាហាននៃកងយោធពលខេមរភូមិន្ទ សំខាន់ក្នុងមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ខេត្តសៀមរាបទាំងអស់ នៅពេលរដូវបុណ្យទានប្រពៃណីជាតិក៏ដូចពិធីបុណ្យជាតិ រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាគណៈប្រតិភូក្រសួងការពារជាតិ និង អាជ្ញាធរគ្រប់លំដាប់ថ្នាក់តែងតែចុះមកសាកសួរសុខទុក្ខដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និងយោធិននិវត្តន៍នៅតាមមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការក៏ដូចនៅតាមបណ្តាកងពល និង អង្គភាពផងដែរ ។ ឯកឧត្តមក៏បានធ្វើវាយតម្លៃខ្ពស់ចំពោះវីរភាព ក្នុងស្មារតីដ៏មុះមុតរបស់បងប្អូនយោធិនពិការទាំងអស់ ដែលបានចូលរួមបូជាសាច់ស្រស់ ឈាមស្រស់ ការពារបូរណភាពដែនដី និង រកសុខសន្តិភាពជូនជាតិមាតុភូមិ រហូតធ្លាក់ខ្លួនពិការ ។ ដោយមាននយោបាយ ឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បានបង្រួបបង្រួមជាតិ សាមគ្គីជាតិ ឯកភាពផ្ទៃក្នុង បានបញ្ចប់សង្គ្រាមនៅកម្ពុជាទាំងស្រុងក្នុងឆ្នាំ១៩៩៨ ធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង និងប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សាវ៉ន បាននាំយកអំណោយ និងថវិការបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ប្រគល់ជូនមជ្ឈមណ្ឌលអភិវឌ្ឍយោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧សៀមរាប នូវអង្ករ ៥តោន ,ថវិកា៣លានរៀល និង ចែកជួនដល់បងប្អូនយោធិនពិការ បាត់បង់សុពលភាពការងារ និង យោធិននិវត្តន៍ ទាំង ២៩៣នាក់ ដោយម្នាក់ៗទទួលបាន មី, ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា ២ម៉ឺនរៀល និង សិស្សានុសិស្ស៥៦៧នាក់ ម្នាក់ៗ ទទួលបានសៀវភៅ ២ក្បាល ប៊ិច១ដើម ប្រាក់៥ពាន់រៀល ព្រមទាំងថវិកាសម្រាប់គិលានុបដ្ឋាក ១លានរៀល និង ប្រគេនព្រះសង្ឃមានអង្ករ ,ត្រីខ, មី, អំបិល ,ស្ករស , ទឹកដោះគោ , ទឹកក្រូច , តែ រួមទាំងបច្ច័យ១លានរៀល និងតាជីយាយជី ម្នាក់ៗក្រណាត់ស១ដុំ បច្ច័យ ១ម៉ឺនរៀល ។
បន្តមកគណៈប្រតិភូក៏បាន អញ្ជើញចុះសួរសុខទុក្ខបងប្អូនកងទ័ព និង គ្រួសារទ័ព ដែលមានជម្ងឺកំពុងសម្រាក់ព្យាបាលជម្ងឺ នៅគិលានុបដ្ឋាក នៃមជ្ឈមណ្ឌលអភិវឌ្ឍ យោធិនពិការ សម្ដេចតេជោ ហ៊ុន សែន គូលែន៣១៧ ព្រមទាំងបានចែកជូនអំណោយរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី ជូនដល់បងប្អូនមាន មី, ត្រីខកំប៉ុង,ស្ករស, ទឹកដោះគោ និងថវិកា ៣ម៉ឺនរៀលផងដែរ ៕