ខេត្តកំពត: បន្ទាប់ពីបានសាងសង់រួច នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥នេះ ប្រាសាទមាសលោកជំទាវ ម៉ៅ ដែលស្ថិត
នៅលើកំពូលភ្នំទ្វារ ភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ខេត្តកំពត ត្រូវបានរដ្ឋបាលខេត្តរៀបចំពិធីអភិសេក ដោយមានការអញ្ជើញចូលរួម ជាអធិបតី ពីសំណាក់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងលោកលោកស្រី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
បន្ទាប់ពីពីធីបានបញ្ចប់ដោយរលូនក្នុងបរិយាកាសសប្បាយរីករាយនិងជ្រះថ្លា ប្រធានមន្ទីរមន្ទីរធម្មការ និងសាសនាខេត្ត លោក នាក់ យិតថូ បានឲ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងតំបន់ជុំវិញនេះ រួមទាំងភ្ញៀវទេសចរផងមានជំនឿ និងគោរពបូជាចំពោះបារមីរបស់លោកយាយម៉ៅខ្លាំងណាស់។
ដោយមើលឃើញដូច្នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដែលជាមេដឹកនាំប្រកបដោយភាពប៉ិនប្រសប់ និងមានគំនិតច្នៃប្រឌិតខ្ពស់ ឯកឧត្តមក៏បានផ្តួចផ្តើមគំនិតបង្កើតប្រាសាទមាសជូនដល់លោកយាយម៉ៅ នៅលើកំពូលភ្នំ ដើម្បីឲ្យស័ក្តិសមនឹងជំនឿរបស់ពលរដ្ឋ និងភ្ញៀវទេសចរចំពោះលោកយាយម៉ៅ។ ម្យ៉ាងទៀត ប្រាសាទមាសលោកជំទាវម៉ៅនេះ ជាប្រាសាទដំបូង ដែលថ្នាក់ដឹកនាំខេត្តធ្វើជូនដល់លោកយាវម៉ៅ ហើយប្រាសាទនេះ នឹងក្លាយជាកន្លែងទាក់ទាញទេសចរមួយផងសម្រាប់ខេត្តកំពតតទៅថ្ងៃមុខ។
ប្រជាពលរដ្ឋលក់គ្រឿងសក្តារបូជានៅក្បែរអាស្រមចាស់របស់លោកយាយម៉ៅ បានបង្ហាញសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង ដែលអភិបាលខេត្តកំពត បានសាងសង់ប្រាសាទមាសលោកជំទាវម៉ៅ នៅលើកំពូលភ្នំដ៏ស្រស់ស្អាតនេះឡើង ទាំងនេះបានបង្ហាញអំពីការយកចិត្តទុកដាក់ និងការគោរពដល់ជំនឿរបស់ប្រជាពលរដ្ឋ ចំពោះលោកជំទាវម៉ៅ។ ការកសាងប្រាសាទមាសលោកជំទាវម៉ៅ ក៏ជាសកម្មភាពមួយដើម្បីកម្ពស់ដល់សាសនា ជំនឿទំនៀមទម្លាប់ ប្រពៃណីរបស់ប្រជាពលរដ្ឋផង និងដើម្បីជួយជំរុញដល់វិស័យទេសចរណ៍នៅក្នុងតំបន់ផង។ ខណៈដែលភ្ញៀវទេសចរមកពីរាជធានីភ្នំពេញ ថាទោះជាខ្លួនកើតនៅក្នុងសម័យបច្ចេកវិទ្យាទំនើបក៏ដោយ ប៉ុន្តែជំនឿ ទំនៀមទម្លាប់ប្រពៃណី សាសនា ដែលដូនតាធ្លាប់ប្រតិបត្តិមក គេនឹងរក្សាបន្ត។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋដែលលក់គ្រឿងសក្តារបូជានៅក្បែរអាស្រម ថាបារមីលោកយាយម៉ៅស័ក្តិសិទ្ធណាស់ មិនបានសាបរលាបនោះទេ ហើយជាជារៀងរាល់ថ្ងៃ ពួកគាត់តែងតែឃើញមានអ្នកមករៀបចំពីធីសែនព្រេន ដើម្បីថ្លែងអំណរគុណដល់បារមីលោកយាយម៉ៅ ដែលបានជួយធ្វើឲ្យការបន់ស្រន់របស់ពួកគេ បានសម្រេចដូចបំណងប្រាថ្នា៕ សេង ណារិទ្ធ



































