សៀមរាប: តាមជំនឿគេលេង របាំត្រុដិនិងនាងម៉េវ ដើម្បីបណ្តេញឧបទ្រពចង្រៃក្នុង ឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី និងប្រារព្ធពិធីសុំទឹកភ្លៀង ក្នុងគ្រាដែលស្រុកទេសមានការរាំស្ងួតជាដើម ។ ជាទូទៅការសម្តែងរបាំត្រុដិនេះច្រើនធ្វើឡើងនៅថ្ងៃឆ្លងឆ្នាំ ព្រោះពាក្យ (ត្រុដិ) នេះគឺសំដៅដល់ពេលដែល (ឆ្នាំចាស់ដាច់ដើម្បីត្រាច់ចូលឆ្នាំថ្មី ) ។ របាំត្រុដិនេះមាន ដើមកំណើតនៅស្រុកសូទ្រនិគមខេត្តសៀមរាប គឺជាការរាំរបាំត្រុដិនា ពេលចូលឆ្នាំថ្មី គឺគេកំណត់យកដំណើរផ្តាច់ឆ្នាំនីមួយៗដើម្បីដេញឧបទ្រពចង្រៃដែលកើតមានក្នុងឆ្នាំចាស់ ហើយនិងប្រសិទ្ធពរសព្ទ សាធុការក្នុងឱកាសឆ្នាំថ្មីវិញ ។
វត្តមានរបស់តួអង្គនៃរបាំត្រុដិ មានការបែងចែកនូវសភាវៈល្អ និងសភាវៈអាក្រក់ និងបង្ហាញនូវលក្ខណៈពិសេសនៃរបាំត្រុដិ ។ របាំនេះផងដែរ គឺមានអត្ថន័យផ្តល់នូវផលប្រយោជន៍ សុភមង្គលដល់មនុស្សគ្រប់រូប និងបណ្តេញឧបទ្រពចង្រៃចេញពីផ្ទះ ពីភូមិស្រុករបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ ។ ម្យ៉ាងទៀត លក្ខណៈពិសិដ្ឋបំផុតរបស់របាំត្រុដិគឺជំនឿលើបុព្វការីជន ក្រោមរូបភាពសត្វប្រើស ឬក្ងោក ដែលឆ្លុះបញ្ចាំងនូវការឯកភាពផ្នែកជំនឿសាសនា ។
របាំត្រុដិ គេឃើញប្រជាពលរដ្ឋខ្មែរនៅខេត្តសៀមរាប និយមយកមកសម្ដែងនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និង ពិធីផ្សេងៗ ជាពិសេសបងប្អូនអ្នកខេត្តសៀមរាប និង ខេត្តមួយចំនួន នៅពេលជិតពិធីបុណចូលឆ្នាំចូលមកដល់នៅតាមមូលដ្ឋានឃុំ សង្កាត់ ក្រុង ស្រុក បានលេងរបាំត្រុដិនៅតាមផ្ទះ សណ្ឋាគារ ផ្ទះសំណាក់ មន្ទីរ អង្គភាព ដើម្បី ប្រសិទ្ធពរជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អ្នកស្រុក នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ។ មិនតែប៉ុណ្ណោះ របាំត្រុដិនេះ ត្រូវបានសៀវភៅរបាំប្រជាប្រិយខ្មែរ អត្ថធិប្បាយថា នៅសេសសល់ពីមនុស្សជាន់ដើមមួយពួក ដែលរស់នៅលើទឹកដីសុវណ្ណភូមិចាស់តាំងអំពីដែនដីនេះ តាំងពីកម្ពុជាមិនទាន់ទទួលអារ្យធម៌ពីប្រទេសឥណ្ឌានៅឡើយ ។ មនុស្សជាន់ដើមនោះត្រូវបានគេស្គាល់ថា គឺជាត្រកូលជនជាតិ (សំរែ) ដោយកាលពីជំនាន់បុរាណវង់ត្រុដិរបស់ជនជាតិសំរែនេះ បាននាំទៅលេងថ្វាយព្រះរាជា នៅរៀងរាល់ពេលបុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរសួរស្តីសិរីមង្គល ។ នៅបច្ចុប្បន្ននេះ គេឃើញត្រកូលជនជាតិដើមនេះច្រើនរស់នៅក្នុងភូមិភាគខាងជើងបឹងទន្លេសាប ៕