ខេត្តកំពត: ដើម្បីរក្សាបាននូវកិត្តិយស និងកេរ្តិ៍ឈ្មោះខេត្តដែលកំពុងទទួលបានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី អភិបាលខេត្តកំពតបានស្នើដល់អ្នកផ្តល់សេវាទេសចរណ៍ទាំងអស់ រួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗ និងបានស្មើដល់អ្នកបដិសណ្ឋារកិច្ចភ្ញៀវគ្រប់ទីកន្លែងត្រូវស្លៀកពាក់សម្លៀលបំពាក់បុរាណខ្មែរ។
ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយប្រតិបត្តិករទេសចរណ៍ សេវាអគ្គិសនី និងប្រតិបត្តិករផ្គត់ផ្គង់ទឹកស្អាតក្នុងខេត្តកំពត នារសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ខេត្តកំពតក្រោមកិច្ចចង្អុលការដោយផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចតែងតែជំរុញបឲ្យរៀបចំកែលម្អសោភ័ណភាព ពង្រឹងការផ្តល់សេវាកម្មផ្សេងៗប្រកបដោយគុណភាព ពិសេសបង្កើតសមិទ្ធផលទេសចរណ៍ថ្មីៗនៅតាមមូលដ្ឋាន។ដូច្នេះហើយទើបរដ្ឋបាលខេត្តបាននិងកំពុងខិតខំបង្កើតសមិទ្ធផលទេសចរណ៍ជាបន្តបន្ទាប់ និងបានស្រូបទាញភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើន។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានស្នើដល់សេវករទាំងអស់ ត្រូវរួមគ្នាអនុវត្តន៍គោលការណ៍៣ចំណុចសំខាន់ៗ ដើម្បីថែរក្សាបាននូវកិត្តិយស កេរ្តិ៍ឈ្មោះ និងកិត្តិស័ព្ទរបស់ខេត្ត។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានឱ្យថា តាមការរំពឹងទុក ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ខេត្តនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ មកលេងកម្សាន្តច្រើន ដោយសារតែខេត្តបានរៀបចំព្រឹត្តិការណ៍ កំពតសង្ក្រាន្តទ្រង់ទ្រាយធំ ខណ:ដែលខេត្តមានកន្លែងកម្សាន្ត ៤២កន្លែង រួមនឹងសមិទ្ធផលទេសចរណ៍ឯកជាច្រើន រួមមាន៖ រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិកាយក្សកម្ពស់ ៣៥ម៉ែត្រ និងសួនបាញ់ទឹករេរាំតាមចង្វាក់ភ្លេងអមដោយភ្លើងពណ៌៕ សេង ណារិទ្ធ