ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ ធ្វើពិធីប្រុងពលី ដើម្បីរំលឹកគុណប្រាសាទបុរាណ និងបុព្វបុរសខ្មែរ នៅមុខប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ

0

ខេត្តព្រះវិហារ៖ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ឯកឧត្តម គង់ ពុទ្ធិការ បានអញ្ជើញដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីអាជ្ញាធរជាតិព្រះវិហារគ្រប់លំដាប់ថ្នាក់ (អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន ចំណុះអាជ្ញាធរជាតិព្រះវិហារ ប្រចាំរមណីយដ្ឋានប្រាសាទកោះកេរ) ដោយមានការនិមន្ត និងចូលរួមពី ព្រះបាឡាត់គណខេត្តព្រះវិហារ ព្រះសង្ឃជាច្រើនអង្គ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពុទ្ធបរិស័ទ និងសិស្សានុសិស្សប្រមាណជាង ១០០អង្គ,នាក់ នៅរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ធ្វើពិធីប្រុងពលី ដើម្បីរំលឹកគុណប្រាសាទបុរាណខ្មែរ និងបុព្វបុរសខ្មែរ នៅមុខប្រាសាទប្រាង្គ នៃរមណីយដ្ឋានប្រាសាទកោះកេរ ស្ថិតក្នុងស្រុកគូលែន ខេត្តព្រះវិហារ ។

នៅក្នុងពិធីរំលឹកគុណប្រាសាទបុរាណខ្មែរ ដែលនឹងធ្វើឡើងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៥ នឹងមានពិធីរាប់បាត្រដល់ព្រះសង្ឃ ១០៨អង្គ ផងដែរ។ នៅក្នុងឱកាសនោះផងទៀត ឯកឧត្តម​ គង់​ ពុទ្ធិការ​ អគ្គនាយក​អាជ្ញាធរ​ជាតិ​ព្រះវិហារ​ បានផ្តល់ជូនសម្ភារៈសិក្សាដល់សិស្សានុសិស្ស ដែលកំពុងសិក្សានៅក្នុង និងជុំវិញរមណីយដ្ឋានប្រាសាទកោះកេរ​ ប្រមាណ២០០នាក់ ផងដែរ៕ដោយ៖ឡុង សំបូរ