ពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ក្រុងសៀមរាប

0

សៀមរាប: នៅសាលប្រជុំសាលាខេត្តសៀមរាបនារសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន ក្រុងសៀមរាប ខេត្តសៀមរាប ព្រមទាំងវត្តមានឯកឧត្តម អ្នកឧកញ៉ា លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកាចុះមូលដ្ឋានក្រុងសៀមរាបនិងអាជ្ញាធរមូលដ្ឋានជាច្រើនរូបទៀត។
លោក នួន ពុទ្ឋារ៉ា អភិបាលក្រុងសៀមរាបបង្ហាញថា ក្នុងរយៈពេលមួយអាណត្តិមកនេះ ក្រុមការងាររាជរដ្ឋាភិបាលក៏ដូចជាក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង បានរៀបចំវេទិកាសាធារណៈចំនួន១០លើកទទួលបានសំណួរសំណូមពររបស់ប្រជាពលរដ្ឋ២៣៧សំណួរសំណូមពរនិងបានដោះស្រាយចំនួន២០៨ នៅសល់៣១សំណួរ សំណូមពរ ភាគច្រើនជាបញ្ហាសំណើរសុំផ្លូវនិងការសុំបើកផ្លូវហើយកំពុងសហការជាមួយអង្គភាពពាក់ព័ន្ឋដោះស្រាយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងកោតសរសើរចំពោះអាជ្ញាធរគ្រប់ថ្នាក់ និងប្រជាពលរដ្ឋក្នុង ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានគាំទ្រការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដែលដឹកនាំដោយ សម្តេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបានចូលរួមអនុវត្តរាល់កម្មវិធីនយោបាយនានារបស់រាជរដ្ឋាភិបាល ដែលធ្វើឲ្យប្រទេសជាតិរបស់យើង មានសុខសន្តិភាព និង អភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសក្រុង សៀមរាប ខេត្តសៀមរាប បានរក្សាសណ្តាប់ធ្នាប់ សន្តិសុខសាធារណៈ ធ្វើឲ្យប្រជាពលរដ្ឋរស់នៅនិងប្រកបរបររកស៊ីដោយភាពសុខដុមរមនាគ្រប់បែបយ៉ាង។ ឯកឧត្តម លើកឡើងថា ការងារចុះមូលដ្ឋានរបស់រាជរដ្ឋាភិបាលគឺជាយន្តការមួយដើម្បីផ្សព្វផ្សាយ និងបញ្ជាបការយល់ដឹង ដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ អំពីខ្លឹមសារ សំខាន់ៗ នៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានារបស់រាជរដ្ឋាភិបាល ដោយត្រូវផ្សារភ្ជាប់ ជាមួយការផ្សព្វផ្សាយ អំពីលទ្ធផលជាក់ស្តែងដែលត្រូវអនុវត្តតាមផែនការដែលរាជរដ្ឋាភិបាលបានដាក់ចេញ និងសំណូមពរជាក់ស្តែងរបស់មូលដ្ឋាន។ ឯកឧត្តម សង្កត់ធ្ងន់ថា មន្ត្រីក្រុមការងារទាំងអស់ត្រូវក្តាប់ជាប់អំពីតួនាទីក្នុងការ ចុះជួយមូលដ្ឋាន យល់ឲ្យបានច្បាស់លាស់អំពីខ្លឹមសារសំខាន់ៗនៃកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កម្មវិធីនយោបាយជាអាទិភាព និងវិធានការគន្លឹះនានា ដើម្បីផ្សព្វផ្សាយដល់មន្ត្រី អាជ្ញាធរ និងប្រជាពលរដ្ឋ និង ចូលរួមយោបល់លើកជាគំនិត ជម្រុញឲ្យមន្ត្រីមូលដ្ឋានគ្រប់ថ្នាក់អនុវត្តតាមយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ។ ក្រុមការងារ ដែលរាជរដ្ឋាភិបាលបានចាត់តាំងមកពីគ្រប់ស្ថាប័ន មានជំនាញរៀងៗខ្លួន ហេតុនេះតាមជំនាញនីមួយៗ ត្រូវជួយមូលដ្ឋានក្នុងការផ្សព្វផ្សាយ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលតាមជំនាញរៀងៗខ្លួន ដោយផ្តល់ជាយោបល់ ស្តាប់នូវសំណូមពរពីប្រជាពលរដ្ឋ ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋតាមផែនការជាក់ស្តែង របស់ស្ថាប័ននីមួយៗ៕