សង្ក្រាន្តវត្តស្រីទូល បង្កលក្ខណឱ្យប្រជាពលរដ្ឋនិងក្រុមការងារបានកំសាន្តសប្បាយស្និទ្ធស្នាលជាមួយគ្នាថែមទៀត

0

(កំពង់ធំ)÷ លោក ផាង វី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទ្រា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង មានប្រសាសន៍ដូច្នេះនៅក្នុងឱកាសដែលលោក និងសហការីបានអញ្ជើញ ដឹកនាំក្រុមការងារចុះធ្វើការផ្សព្វផ្សាយពីកម្មវិធីសង្ក្រាន្តវត្តស្រីទូល និងចែកបណ្ណចាប់រង្វាន់ជូនដល់បងប្អូនប្រជាពលរដ្ឋតាមខ្នងផ្ទះ ព្រមទាំងចុះពិនិត្យជាក់ស្តែងការងាររៀបចំទីតាំងនៅបរិវេណវត្តស្រីទូល ក្នុងភូមិសាស្ត្រឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ កាលពីថ្ងៃទីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

សូមជម្រាបថា សង្ក្រាន្តវត្តស្រីទូល ក្នុងភូមិផ្ទះវាល ឃុំទ្រា ប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង១រសៀល ដោយមានកម្មវិធីកម្សាន្តសប្បាយជាច្រើនរួមមាន៖ ទី១)ការប្រគុំតន្រ្តី ទី២)ការលេងល្បែងប្រជាប្រិយដូចជា លោតបាវ ពមនុស្ស ទាញព្រ័ត្រ បោះអង្គុញ ដណ្ដើមស្លឹកឈើនិងវាយក្អម និងទី៣)ការចាប់រង្វាន់រាប់រយរង្វាន់រួមមាន ធុងទឹកកក ចានស្រាក់ បំពង់ទឹកក្ដៅ ឆ្នាំងដាំបាយអគ្គិសនី កង្ហារ កង់ ទូរសព្ទដៃ ទូរទឹកកក និងម៉ូតូចំនួនមួយគ្រឿងដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា និងលោកជំទាវផងដែរ។

ជាមួយគ្នានេះប្រជាពលរដ្ឋនៅក្នុងឃុំទ្រាទាំងមូលស្វាគមន៍និងសាទរក្រៃលែងហើយនឹងចូលរួមកំសាន្តសង្ក្រាន្តស្រុកស្ទោង សង្ក្រាន្តវត្តស្រីទូលជាមួយក្រុមការងារជាពិសេសជាមួយឯកឧត្តមរដ្ឋមន្ត្រីដែលលោកអញ្ជើញចូលរួមកម្សាន្តសប្បាយជាមួយប្រជាពលរដ្ឋនៅរសៀលថ្ងៃទី ១២ខែមេសាឆ្នាំនេះ។

សូមបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងបានរៀបចំសង្ក្រានក្នុងមួយឃុំមួយទីតាំងសម្រាប់កំសាន្តសប្បាយជាមួយប្រជាពលរដ្ឋ ហើយពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខណៈពិធីទទួលស្វាគមន៍ទេវតាឆ្នាំថ្មីព្រះនាម គោរាគទេវី នឹងយាងចុះមក នៅវេលាម៉ោង ៤:៤៨ នាទីទាបភ្លឺ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ៕ អត្ថបទវេហាស៍