អភិបាលខេត្តព្រះវិហារ ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

0

ខេត្តព្រះវិហារ៖ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩ នឹងឈានចូលមកដល់ក្នុងរយៈពេល ២ថ្ងៃទៀតខាងមុខនេះ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានដឹកនាំគណៈប្រតិភូខេត្ត ចុះសួរសុខទុក្ខ សំណេះសំណាល និងនាំយកអំណោយគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកា ផ្តល់ជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែង ស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះដំណើរចុះសួរសុខទុក្ខ សំណេះសំណាលរបស់ លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងគណៈប្រតិភូ យ៉ាងកក់ក្តៅ និងរាក់ទាក់ជាទីបំផុត។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែង កោតសរសើរចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន ដោយបានអនុវត្តតួនាទី ភារកិច្ចយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់បានយ៉ាងល្អប្រសើរ។

លោក គីម រិទ្ធី បានកោតសរសើរដល់យោធិនទាំងអស់ ដែលបានខិតខំប្រឹងប្រែងចូលរួមធ្វើការងារសង្គម និងគ្រប់សកម្មភាពមនុស្សធម៌ ជាពិសេសការយកចិត្តទុកដាក់ ទៅដល់យុទ្ធមិត្តរបស់យើង នៅសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត ដែលតែងបានយកចិត្តទុកដាក់ ចុះសួរសុខទុក្ខ នាំយកអំណោយ ការកសាងផ្ទះសម្បែង ការជួយអន្តរាគមន៍នូវវិបត្តិទាំងឡាយ ដែលសមាជិកសមាគម និងអតីតយុទ្ធជន ជួបប្រទះ នៅតាមមូលដ្ឋាន។

អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមទប់ស្កាត់ នូវបទល្មើសនានា ដែលកងយោធពលខេមរភូមិន្ទ កងទ័ពជើងគោក ជាពិសេសតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានចូលរួមទប់ស្កាត់ និងបង្ក្រាប ដូចជាករណីទន្ទ្រានបទល្មើសធនធានធម្មជាតិ និងបទល្មើសផ្សេងៗទៀត។ ឯកឧត្តមបន្តថា នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ យើងទាំងអស់គ្នាពិតជាមានកាតព្វកិច្ចគ្រួសារផង តែយើងក៏មានកាតព្វកិច្ចការពារជាតិផង។

លោក គីម រិទ្ធី បានណែនាំដល់យោធិនទាំងអស់ ត្រូវធ្វើការទប់ស្កាត់កុំឱ្យមានយថាហេតុកើតឡើង ត្រូវក្តាប់ឱ្យបានព័ត៌មាននៅតាមមូលដ្ឋាន ត្រូវប្រើប្រាស់ឱ្យអស់លទ្ធភាព និងមធ្យោបាយ ដើម្បីក្តាប់ឱ្យជាប់ពីព័ត៌មាន ព្រោះមានជនអមិត្រអាចគៀរគរកម្លាំងឡើងទៅធ្វើបាតុកម្ម ដែលយកបញ្ហាដីធ្លី និងបញ្ហាអយុត្តិធម៌សង្គមជាមូលហេតុ ជាលេសក្នុងការចល័តកម្លាំងឡើងទៅភ្នំពេញ ទៅព្រំដែន ឬទៅសៀមរាប ត្រូវក្តាប់ព័ត៌មានទាំងឡាយ ដែលមានចរិកអសន្តិសុខ និងចលាចលសង្គមឱ្យបាន។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះវិហារ ក៏បានឧត្ថម្ភ នូវស្រាបៀរ ១០០កេស មី១០០កេស និងថវិកាដល់កម្លាំងប្រចាំការក្នុងម្នាក់ៗ ៤ម៉ឺនរៀល ផងដែរ៕ដោយ៖ឡុង សំបូរ