ជិះទូកកម្សាន្តដងស្ទឹងសៀមរាប ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥

0

សៀមរាប:ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត រៀបចំកម្មវិធីអុំទូកកម្សាន្តតាមដងស្ទីងប្រវត្តិសាស្ត្រសៀមរាប ក្នុងគោលបំណងដើមី្បឲ្យព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះ មានភាពសប្បាយរីករាយបានមួយកម្រិតទៀត ។
តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងអុំទូកកម្សាន្ត បានឲ្យដឹងថា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បានរៀបចំឲ្យមានកម្មវិធីកម្សាន្តជិះទូកលេងតាមដងស្ទឹងសៀមរាប ក្នុងគោលបំណងចង់រកកម្រៃដល់សហគមន៍ក្រីក្រ នៅចុងឃ្នៀស ក្នុងព្រឹត្ដិការណ៍អង្គរសង្ក្រាន្ដ ។ នៅរសៀលថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥នេះ ក៏មានភ្ញៀវទេសចរជាតិ អន្ដរជាតិ បានមកជិះទូកលេងកម្សាន្ត ព្រមទាំងមានផ្សារលើទឹក ជាបណ្ដើរហើយ ខណៈដែលព្រឹត្ដិការណ៍នេះ មានទូកនេសាទនិងទូកហង្ស ជិត១៣០ទូក បានរៀបចំជាសម្រេចសម្រាប់អ្នកទេសចរ ទៅកំសាន្ដ ក្នុងពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅខេត្ដសៀមរាប ។ ក្នុងកម្មវិធីជឹះទូកកម្សាន្តតាមដងស្ទឹងប្រវត្តិសាស្ត្រនេះ និងបានទស្សនាការសម្តែង របាំ និង រាំវង់ស្គរដៃផងដែរ ។ ម្យ៉ាងទៀតក៏ជាការរួមចំណែក ក្នុងការជម្រុញការផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្តសៀមរាប ក្នុងការស្តារឡើងវិញនូវរាល់វិស័យសេដ្ឋកិច្ចក្នុងខេត្ត លើវិស័យទេសចរណ៍ ។ តាមការកត់សម្គាល់ បណ្តាភ្ញៀវទេសចរទាំងនោះ បានជួបជុំគ្នាកម្សាន្តពេលរាត្រី ដូចជានៅតំបន់ផាប់ស្រ្ទីត, តាមបណ្តោយដងស្ទឹង, នៅមុខសួនច្បារព្រះរាជដំណាក់ និងតំបន់ផ្សេងៗមួយចំនួនទៀត ក្នុងក្រុងសៀមរាប ទៅតាមកម្មវិធីអង្គរសង្ក្រាន្តបានកំណត់ ។គោបញ្ជាក់ផងដែរ យើងគ្រប់រូបត្រូវ អរគុណនយោបាយ ឈ្នះ ឈ្នះ ដឹងគុណជានិច្ច ស្ថាបនិកមគ្គទេសក៍ឯក និងប្រតិបត្តិករនយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលធ្វើឲ្យមហាគ្រួសារខ្មែរ បានជួបជុំសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព ៕