សង្ក្រាន្តត្បូងឃ្មុំ រយៈពេល​៣ថ្ងៃ​ ទទួលបានភ្ញៀវទេសចរណ៍ជាង៧១ម៉ឺននាក់​ កើនឡើង៣៦,៤១%

0

ត្បូងឃ្មុំ:​ ក្នុងឱកាស​បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខេត្តត្បូងឃ្មុំ ទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្តតាមតំបន់រមណីយដ្ឋាន និងសង្រ្កាន្តត្បូងឃ្មុំ សរុបប្រមាណ ៧១៦.០៥៥នាក់ ភ្ញៀវអន្តរជាតិ៥នាក់ បើប្រៀបធៀបឆ្នាំ២០២៤ មានភ្ញៀវកើនឡើងចំនួន៣៦,៤១ ភាគរយ។

បេីយោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ​ បានបញ្ជាក់ថា តំបន់រដ្ឋបាលសាលាខេត្ត មានភ្ញៀវសរុបប្រមាណ ៥៥០.៣០០នាក់​ រមណីយដ្ឋាន ហ្លួងព្រះស្តេចកន មានភ្ញៀវសរុបប្រមាណ ៤.៩៥០នាក់ រមណីយដ្ឋាន ព្រះធាតុបាស្រី និងសួនទន្លេស្ងួតមានភ្ញៀវសរុបប្រមាណ ១៥៧.១០០នាក់ ភ្ញៀវអន្តរជាតិ៥នាក់ រមណីយដ្ឋាន តាសែដូងក្រអូប មានភ្ញៀវសរុបប្រមាណ ១.០៧០នាក់ រមណីយដ្ឋាន សួនកម្សាន្តធម្មជាតិទឹកហូអូរក្តូង មានភ្ញៀវសរុបប្រមាណ ៩១០នាក់​ រមណីយដ្ឋាន ភូមិអភិវឌ្ឍន៍អន្លង់ជ្រៃ មានភ្ញៀវសរុបប្រមាណ ៥២៥នាក់ រមណីយដ្ឋាន ទឹកធ្លាក់ហោង មានភ្ញៀវសរុបប្រមាណ ១.២០០នាក់ ស្រី៦២០នាក់។

គួរបញ្ជាក់ថា​ ក្រោមការរៀបចំដឹកនាំដោយ ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ព្រឹត្តការណ៍សង្រ្កាន្តត្បូងឃ្មុំ មានរៀបចំកម្មវិធីកម្សាន្តសប្បាយៗ រួមមាន លេងល្បែងប្រជាប្រិយខ្មែរ រាំលេងចង្វាក់ប្រពៃណីខ្មែរចម្រុះ បាញ់ទឹកតំបន់ត្រជាក់ និងកម្មវិធីលេងកម្សាន្តសប្បាយៗជាច្រើនទៀត។ ជាពិសេស នាពេលយប់ក៏មានការប្រគំតន្រ្តីសម័យខ្នាតធំ ដែលមានតារាល្បី និងការបាញ់កាំជ្រួច អមជាមួយការតុបតែងភ្លើងលម្អនាពេលរាត្រី។

ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្ត និងលោកឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានដាក់បទបញ្ជា ដាក់ផែនការ និងចុះដឹកនាំកងកម្លាំងទាំង០២ប្រភេទដោយផ្ទាល់ទាំង០៣ថ្ងៃពេញ ធានាបានសុខសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ បានយ៉ាងល្អផងដែរ​ ៕