អភិបាលខេត្តកែប ណែនាំដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវពង្រឹងទប់ស្កាត់រាល់បទល្មើសក្នុងភូមិសាស្ត្រខេត្ត អោយមានប្រសិទ្ធភាព

0

ខេត្តកែប: ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្តកែប បានណែនាំដល់គ្រប់បណ្តាកងកម្លាំង ត្រូវធ្វើយ៉ាងណាចូលរួមទប់ស្កាត់ឲ្យខានតែបាន នូវរាល់បទល្មើសទាំងឡាយដែលកើតមានឡើង ក្នុងក្នុងមូលដ្ឋានខេត្តកែប ទាំងលើគោក និងសមុទ្រ សំដៅថែរក្សានូវភាពសុខសាន្តរបស់ប្រជាពលរដ្ឋ សុខសន្តិភាព និងស្ថិរភាពនយោបាយ។

ឯកឧត្តមអភិបាលមានប្រសាសន៍ណែនាំដូចនេះ នាឱកាសអញ្ជើញក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ដល់កងកម្លាំងទាំងបីប្រភេទ មានទីបញ្ជាការដ្ឋានវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ៤៣០ ប្រចាំខេត្តកែប ទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកែប និងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកែប នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥នេះ។

ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប ក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចំណាយពេលវេលា យកចិត្តទុកដាក់ប្រឹងប្រែងរបស់កងគ្រប់ប្រភេទ ក្នុងការបំពេញតួនាទីបង្ការ បង្ក្រាប ទប់ស្កាត់ ភាពអសកម្មផ្សេងៗ ដោយធានារក្សាបាននៅសុខសុវត្ថិភាព ជូនភ្ញៀវទេសចរជាតិអន្តរជាតិមកលេងកម្សាន្តនៅខេត្តកែប ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ កាលពីពេលកន្លងទៅ។

បន្ថែមពីនោះ ឯកឧត្តមមានប្រសាសន៍បន្ថែម ដោយណែនាំដល់កងកម្លាំងដែលជាអ្នកការពារប្រជាពលរដ្ឋ និងជាអ្នករក្សាសណ្តាប់ធ្នាប់ជូនប្រទេសជាតិ ឱ្យទទួលបានសុខសន្តិភាព យើងទាំងអស់គ្នាមានតួរនាទីភារកិច្ចចាំបាច់ ក្នុងការចូលរួម បន្តថែរក្សាធានាបាននូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការផ្តល់សេវាផ្សេងៗជូនដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ព្រមទាំងធ្វើការសហការជាមួយមន្ទីរអង្គភាពនានាឱ្យបានល្អប្រសើរផងដែរ៕ សេង ណារិទ្ធ