ដោយ អ៊ុក ផ្លុង
សៀមរាប÷ ការកាប់ឈើគ្រប់ ប្រភេទក្នុងស្រុកជីក្រែង ខេត្ត សៀមរាប យកមកដុតក្នុង ឡ ធ្វើ ជា ធ្យូង ហើយ ដឹកជញ្ជូន ដោយ ឡាន,គោ យន្តកន្ត្រៃ និង រើម៉កម៉ូតូ កែច្នៃ ចែកចាយ ទៅ ខេត្តផ្សេងៗ យ៉ាង អនាធិបតេយ្យ គឺជាហានិភ័យ ខ្ពស់ ក្នុង ការ បាត់បង់ ព្រៃឈើក្នុង ដែន សហគមន៍ ក៏ដូចជា ដែនគម្រោប ព្រៃឈើ ផងដែរ។
ជាក់ស្តែង កាលពី ល្ងាច ថ្ងៃ ព្រហស្បតិ៍ ទី ២៤ ខែ មេសា ឆ្នាំ ២០២៥ មាន ឡានសាំយ៉ុង ១ គ្រឿង និងរើម៉កម៉ូតូ កែច្នៃ ជាច្រើនគ្រឿង ចូលដឹកធ្យូង ដែលស្តុបទុក ក្នុង ភូមិ រកា ឃុំ ពង្រ ក្រោម ស្រុក ជីក្រែង ខេត្ត សៀមរាប។ ទន្ទឹមនឹងនោះដែរ អ្នកសារព័ត៌មាន បាន ទូរស័ព្ទ ទៅ លោក សូ ផល្លា នាយផ្នែក រដ្ឋបាល ព្រៃឈើ កំពង់ក្ដី លោកបាន ប្រាប់អ្នកសារព័ត៌មានថា លោក នឹង បញ្ជា លោក វង្ស សាំងសំរិត( ហុងដា) ជានាយ សង្កាត់ រដ្ឋ ព្រៃឈើ ចាត់ វិធានការ ទប់ស្កាត់ និងបង្ក្រាប ព្រោះករណីនេះ កើតឡើង នៅ ក្នុង ដែន សមត្ថកិច្ច របស់ លោក វង្ស សាំងសំរិត។ ជាមួយគ្នា នោះដែរ អ្នកសារព័ត៌មាន បាន បញ្ជូន រូបភាព និងផ្ញើ សារ សំលេង តាមប្រព័ន្ធ Telegram ទៅនាយ សង្កាត់ រដ្ឋ បាល ព្រៃឈើ ជីក្រែង ដោយ បញ្ជាក់ នូវទីតាំង និង សកម្មភាព ឡាន និងរើម៉ក ម៉ូតូ កែច្នៃ ដឹកធ្យូង លោក ចូលមើលភ្លាម ប៉ុន្តែ តែមិនព្រមឆ្លើយតប ហើយក៏គ្មានធ្វើសកម្មភាពអ្វីទាល់តែសោះ? មួយ សន្ទុះ ក្រោយមក ស្រាប់តែ ឡាន ដឹក ធ្យូង បានទំលាក់ ធ្យូង ចោល ហើយបានបើកត្រឡប់ ក្រោយវិញ យ៉ាង រំភើយ។
ដោយសារតែ ធ្យូង ជាបញ្ហា ធ្វើឲ្យព្រៃឈើ មហន្តរាយ ពី១ថ្ងៃ ទៅ១ ថ្ងៃឥតឈប់ឈរ ហើយ លោក វង្ស សាំងសំរិត ហៅ(ហុង ដា) មិនព្រម ទប់ស្កាត់ និងបង្ក្រាប ឈ្មួញ ដឹក ធ្យូង គ្រប់ ប្រភេទ ផងដែរនោះ ទើប ប្រជាពលរដ្ឋ រិះគន់ថា នាយ សង្កាត់ រដ្ឋបាល ព្រៃឈើ ជីក្រែង ម្នាក់ នេះ ជា មន្ត្រី សុី ឆ្អែត បាត់ ឃ្លាន ដេក លក់ បាត់ ខ្លាច ហើយ ក៏ ជា មន្ត្រី អសកម្ម ក្នុង ការ ទប់ស្កាត់ និង បង្ក្រាប បទល្មើស ព្រៃឈើ ផងដែរ។ ពួកគាត់ សង្ស័យ ថា បទល្មើស ព្រៃឈើ ឆ្លងកាត់ដែន សមត្ថកិច្ច មន្ត្រី ខាងលើ នេះជា សរសៃ ឈាម សេដ្ឋកិច្ច ដ៏សំខាន់របស់ នាយ សង្កាត់ ហើយមើលទៅទើបលោក មិន អើពើ ដូច្នេះ?
ជាចុងក្រោយ ប្រជា ពលរដ្ឋ សំណូម ពរ ដល់ រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ឯក ឧត្តម ឌិត ឌីណា និង ប្រធាន មន្ទីរ កសិកម្ម រុក្ខា ប្រមាញ់ និង នេសាទ ខេត្ត សៀមរាប លោក ទៀ គឹមសុទ្ធ មេត្តា ពិនិត្យ មើល ការ អនុវត្ត ច្បាប់ ការពារ និង អភិរក្ស ព្រៃឈើ របស់ នាយ សង្កាត់ រដ្ឋ បាល ព្រៃឈើ ជីក្រែង លោក វង្ស សាំង សំរិត ហៅ(ហុង សា)ផង។ តើ ត្រូវ ផ្ដល់ជូន លិខិត សរសើរ ឬ ត្រូវ មុជ ទឹក ដុស ក្អែល វះកាត់ សាច់ ស្អុយ ចោល ឬ ក៏ ត្រូវព្យាបាល ឲ្យ លោក វង្ស សាំង សំរិត បើ ប្រជាពលរដ្ឋ រិះគន់ថា លោក អសកម្ម ក្នុង តួនាទី និង កាតព្វកិច្ច របស់ខ្លួន ដូច្នេះ? ពួក គាត់ ក៏ បាន សំណូម ពរ ដល់ អភិបាល នៃគណៈ អភិបាល ខេត្ត សៀមរាប ឯកឧត្ដម ប្រាក់ សោភ័ណ្ឌ និង អភិបាល ស្រុក ជីក្រែង លោក បូ ម៉េងទ្រី មេត្តា ដាក់ បញ្ជា ទៅ មន្ត្រី គ្រប់ ស្ថាប័នពាក់ព័ន្ធ ឲ្យ ជួយ ទប់ស្កាត់ និង បង្ក្រាបបទល្មើស ព្រៃឈើ ជា ពិសេស ឡាន ដឹកធ្យូង ក្នុង គោលបំណង ថែរក្សា ធនធានធម្មជាតិ ព្រៃឈើ ព្រោះ ធ្យូង ជា មួលហេតុ យ៉ាង ចម្បង ធ្វើ ឲ្យ ព្រៃឈើ វិនាសបន្តិចម្តងៗ ឥតឈប់ឈរ បើសង្ឃឹម សង្កាត់ រដ្ឋបាល ព្រៃឈើ ដូច សង្ឃឹមផ្កាយ លើ មេឃ អញ្ចឹង ហើយ៕