ឯកឧត្តម វង សូត បានថ្លែងថា ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន ដែលនឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់

0

ត្បូងឃ្មុំ: ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភា បានថ្លែងថា ក្រោមការដឹកនាំរដ្ឋាភិបាលបន្តវេន បានធ្វើឱ្យប្រទេសជាតិកាន់តែរីកចម្រើនជឿនលឿន ដែលនឹងក្លាយទៅជាប្រទេសមានចំណូលខ្ពស់។ ថ្លែងបែបនេះក្នុងឱកាសជួបសំណេះសំណាលសួរសុខទុក្ខអាជ្ញាធរមូលដ្ឋាន ឃុំ- សង្កាត់ និងភូមិទូទាំងក្រុងសួង ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដម អនុប្រធានទី២រដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរក្រុងសួង ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋបានយ៉ាងល្អប្រសើរ និងជំរុញឱ្យខិតខំបន្តទៀតក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន បន្តផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ផ្ដល់សេវាសាធារណៈប្រកបដោយសីលធម៌ខ្ពស់ស័ក្តិសមជាមន្ត្រីបម្រើរាស្ត្រ និងត្រូវប្រាស្រ័យទាក់ទងដោយផ្ទាល់ជាមួយពលរដ្ឋ ដើម្បីដឹងពីសុខទុក្ខ និងតម្រូវការរបស់ពួកគាត់ និងដោះស្រាយបញ្ហាផ្សេងៗឱ្យបានទាន់ពេលវេលា។

ឯកឧត្តម វង សូត បានបន្តថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្រ្តី បានប្តេជ្ញាចិត្តដ៏មោះមុតក្នុងការថែរក្សា «សន្តិភាព» និងការតម្កល់ «សន្តិភាព» ជាគុណតម្លៃខ្ពស់បំផុត គឺគ្មានការប្រែប្រួលជាដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ ដោយសារកត្តាសន្តិភាពទើបប្រទេសជាតិមានការអភិវឌ្ឍន៍ជឿនលឿន ប្រជាពលរដ្ឋមានជីវភាពធូរធា ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋចូលរួមលេងកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំ យ៉ាងសប្បាយរីករាយ និងច្រើនកុះករស្ទើរគ្រប់តំបន់នៅទូទាំប្រទេសកម្ពុជាផងដែរ ។

គួរបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋានភូមិ សង្កាត់ ទូទាំងក្រុងសួង ក្នុងខេត្តត្បូងឃ្មុំ រួចមក ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា អមដំណើរដោយឯកឧត្តម លោកជំទាវជាតំណាងរាស្រ្តមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម លោកជំទាវជាទីប្រឹក្សា ជំនួយការ បានអញ្ជើញចុះទស្សនកិច្ចនៅវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា នៅស្ថានីយពិសោធន៍របស់វិទ្យាស្ថាន ស្ថិតនៅភូមិ៣២ ឃុំជីរោទិ៍២ និងឧទ្យានបេតិកភណ្ឌកៅស៊ូ តេជោ ធិបតី” ចម្ការកៅស៊ូជុប ស្ថិតនៅឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ៕