ឯកឧត្តមវេជ្ជ. ក្រុស សារ៉ាត់ នាំយកអំណោយមនុស្សធម៌ជូនដល់អ្នករបួសដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម (មីនតោន)

0

សៀមរាប៖ ឯកឧត្តមវេជ្ជ. ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប និងសហការី បានអញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់អ្នករបួសដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាម (មីនតោន)រសៀលថ្ងៃសុក្រ ទី២៥ ខែមេសា ឆ្នាំ២០២៥។ ជនរងគ្រោះ ឈ្មោះ ហែប សុខកៅ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិអូរជីក ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលកំពុងសម្រាកព្យាបាលរបួសនៅក្នុងមន្ទីរបង្អែកខេត្តសៀមរាប។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមវេជ្ជ. ក្រុស សារ៉ាត់ បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្តាយ ពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ក្នុងនាមឯកឧត្តមផ្ទាល់ បានបង្ហាញនូវភាពក្តុកក្តួល និងសោកស្តាយ ដល់ជនរងគ្រោះដែលទទួលគ្រោះថ្នាក់ដោយឧបទ្ទវហេតុនេះ នឹងសំណូមពរគ្រួសារជនរងគ្រោះយកចិត្តទុកដាក់ថែទាំអ្នកជំងឺ គោរពតាមការណែនាំរបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយវិលត្រលប់ទៅផ្ទះសម្បែងជួបជុំគ្រួសារវិញ។

អំណោយមនុស្សធម៌ផ្តល់ជូនមាន អង្ករ៦០គក្រ មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ និងថវិកា១០ម៉ឺនរៀល៕