ខេត្តព្រះវិហារ៖ អគារមណ្ឌលសុខភាព និងផ្ទះប្រជាពលរដ្ឋ ៥០ខ្នង បានរងការខូចខាតបាក់ធ្លាក់ដល់ដី និងរបើកដំបូល ក្រោយពីខ្យល់កន្ត្រាក់ លាយឡំជាមួយនឹងការធ្លាក់ភ្លៀងមួយមេ បានបោកបក់ឆ្លងកាត់ឃុំចំនួន ៣ នៅក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ នាវេលាម៉ោងប្រមាណជា ៥ល្ងាច ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់ជីវិតមនុស្ស និងសត្វពាហនៈ នៅក្នុងមូលដ្ឋាននោះឡើយ។
អធិការនគរបាលស្រុកជ័យសែន លោកវរសេនីយ៍ឯក រិទ្ធ សូណា បានប្រាប់អ្នកសារព័ត៌មានឱ្យដឹងថា ពិតជាមានការប៉ះពាល់ និងខូចខាតផ្ទះសម្បែងប្រជាពលរដ្ឋ និងមណ្ឌលសុខភាពនោះមែន ខណៈខ្យល់កន្ត្រាក់បានបក់បោកខ្លាំង លាយឡំជាមួយនឹងការធ្លាក់ភ្លៀងផងនោះ បានបណ្តាលឱ្យឃុំចំនួន ៣ នៅក្នុងស្រុកជ័យសែន រងការវាយប្រហារដោយខ្យល់កន្ត្រាក់ ក្នុងនោះ រួមមាន៖ ឃុំស្អាង របើកពិដានអគារសម្ភពមណ្ឌលសុខភាពស្អាងចំនួន ៥សន្លឹក ,ឃុំតស៊ូ ប៉ះពាល់ ៣ខ្នងផ្ទះ និងឃុំខ្យង ៤៧ខ្នងផ្ទះ ក្នុងនោះបង្គន់អនាម័យ១ និងរបើកសំយ៉ាប់មុខផ្ទះ ១១ខ្នង សរុបឃុំទាំង៣ ខាងលើ មណ្ឌលសុខភាព និងផ្ទះប្រជាពលរដ្ឋ ដែលរងការរបើកដំបូល និងបាក់ធ្លាក់ដួលរាបដល់ដី មានចំនួន ៥០ខ្នង។
នៅក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ លាយឡំជាមួយការធ្លាក់ភ្លៀងមួយនោះ នៅមិនទាន់ទទួលបានរបាយការណ៍ជាក់លាក់ណាមួយ ពីការរងគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងសត្វពាហនៈនោះនៅឡើយទេ ។
លោកអធិការ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ជានិច្ច ចំពោះឧទ្ទវហេតុគ្រោះធម្មជាតិ ដែលតែងកើតឡើងជាយថាហេតុ ដោយមិនត្រូវជ្រកភ្លៀងនៅក្រោមដើមឈើធំៗ ត្រូវបិទទូរស័ព្ទ មិនត្រូវនៅកណ្តាលវាល និងត្រូវស្វែងរកទីទួលសុវត្ថិភាពឱ្យបានត្រឹមត្រូវ ដើម្បីចៀសវាងរងការគ្រោះថ្នាក់ជាយថាហេតុណាមួយ៕ដោយ៖ឡុង សំបូរ