កំពង់ធំៈ បទល្មើសការដឹកជញ្ជូនឆ្លងកាត់ខេត្តកំពង់ធំ ត្រូវបានឈ្មួញធ្វើសកម្មភាពដឹកជញ្ជូនតាមរយះរថយន្តតូរីសជាច្រើនគ្រឿង ដោយបន្លំយកឈើប្រណិតដាក់បាតរថយន្ត
ហើយដាក់កៅអ៊ីពីលើ ធ្វើដូចរថយន្ត ទទេ តែការពិតគឺជាល្បិចឈ្មួញដឹកឈើប្រណិត។
ជាក់ស្តែងរថយន្តតូរីសមួយគ្រឿងពណ៌ស្លែរ អត់ស្លាកលេខ បានដឹកឈើប្រណិតចេញពីខេត្តព្រះវិហារ ឆ្លងកាត់ខេត្តកំពង់ធំ តែចៃដន្យប៉ះចំប៉ូលិសចរាចរណ៍ ចុះត្រួតពិនិត្យយានយន្ត ប័ណ្ណបើកបរ និងពិនិត្យជាតិអាកុល ក៏រថយន្តតូរីសមួយគ្រឿងនេះចតនៅខាងផ្លូវក្បែរកន្លែងត្រួតពិនិត្យ រងចាំកំលាំងប៉ូលិសដកថយ ព្រោះខ្លាចត្រូវត្រួតពិនិត្យឃើញ បទល្មើស តែក៏ត្រូវបានមានការសង្ស័យពីសំណាក់អ្នកពត៌មាន ដែលកំពុងតែថត
សកម្មភាពប៉ូលិស ក៏បាន មកថតរថយន្តតូរីសខាងលើ ទើបសមត្ថកិច្ចមេព្រៃនាំរថយន្តនោះមកកាន់ ផ្នែករដ្ឋបាលព្រៃឈើស្ទោងទាំងយប់កាលពីវេលាម៉ោង ៨.៣០នាទី ថ្ងៃទី ១២ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ចំណែកម្ចាស់រថយន្តត្រូវបានសមត្ថកិច្ចមេព្រៃ ដោះលែងតាមសម្រួលដោយគ្មានកំហុស ឲ្យទៅរកផ្ទះ សំណាក់ដេកតាមសម្រួល ចំណែកវត្ថុតាងមានរថយន្ត និងឈើប្រណិតពេញឡាន ជាហេតុចម្លែកហេតុអ្វីបានជាមេព្រៃពុំព្រមធ្វើការវាស់វែង តាំងព្រឹករហូតដល់ល្ងាចម៉ោង៤ក៏មិនទានមានការចាត់វិធានការរៀបចំ ទុកដាក់ដូចសព្វមួយដង ម៉ោង៨មិនទាន់ក៏វាស់វែងអស់ភ្លាម តែរថយន្តតូរីសមួយគ្រឿងនេះមានអ្វីចម្លែក បានជាមិនព្រវាស់វែង។
តាមការឲ្យដឹងពីលោក តុង យី នាយផ្នែករដ្ឋបាលព្រៃឈើស្ទោង បានឲ្យដឹងថា រថយន្តនិងវត្ថុតាងមានឈើបន្តិចបន្តួចតែប្រមាណជាង២០ដុំទេ ហើយក៏មិនទាន់ធ្វើការវាស់វែងនោះទេ ចាំដល់ពេលរាប់ចាំឲ្យកូនចៅខលប្រាប់ ចំណែកលោក វីរៈជាមន្ត្រីប្រចាំការនៅផ្នែករដ្ឋបាលព្រៃឈើ បាននិយាយថាថ្ងៃនេះថ្នាក់លើជាប់ ប្រជុំទើបមិនបានវាស់ ចំណែកឈើលោកបានរាប់ត្រួសៗមានប្រមាណ ១៦ដុំ ជាប្រភេទឈើធ្នង់ មុខ២៥ទៅ៣០ ប្រវែង២ម៉ែត្រ រហូតមកដល់ពេលនេះវេលាម៉ោង៤រសៀលថ្ងៃទី ១៣ ខែវិឆ្ឆិកា ក៏មិនអាចសរុបចំនួនឈើពិតប្រាកដបានទេ ចំណែកម្ចាស់ឡានត្រូវបានគេដោះលែងដោយរលូនក្នុងភាពមិនប្រកតី។
ដោយ ផន សុជាតិ