ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ នៅស្រុកស្ទឹងត្រង់

0

កំពង់ចាម ឯកឧត្តម ហ៊ុន ម៉ានិត អគ្គនាយក អគ្គនាយកដ្ឋានស្រាវជ្រាវ-ចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរងកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា : នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥នេះ បានអញ្ជើញបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តឥន្ទមុនីវ័ន ហៅវត្តស្រែអំពៅ ស្ថិតក្នុងឃុំ ទួលសំបូរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ឧត្តម ហ៊ុន ម៉ានិត បានមានប្រសាសន៍ថា ការរីកចម្រើនទៅលើវិស័យសាស ការរីកចម្រើនទៅលើវិស័យសាសនានេះ គឺប្រជាពលរដ្ឋយើងបាន ទទួលផលទាំងអស់គ្នា ជាពិសេសវត្តស្រែអំពៅនេះ ទើបតែបានក៏កើតឡើងរយៈពេល ៥ឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើយើងមើល អំពីការរីកចម្រើន ឃើញថាមានច្រើន ។

ឯកឧត្តម ហ៊ុន ម៉ានិត ក៏បានយកឱកាសនោះធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរដល់ចៅអធិការវត្ត ក៏ដូចជាគណៈកម្មការ អាចារ្យវត្ត ដែលបានខិតខំប្រឹងប្រែងដើម្បីជំរុញការអភិវឌ្ឍ នៅក្នុងវត្តស្រែអំពៅនេះ ដែលសមិទ្ធផលទាំងអស់នេះមិនមែន ប្រយោជន៍សម្រាប់តែព្រះសង្ឃនៅក្នុងវត្តប៉ុណ្ណោះទេ ប៉ុន្តែវាជាសមិទ្ធផលរបស់ប្រជាពលរដ្ឋនៅក្នុងភូមិ ឃុំទួលសំបូរនេះតែម្តង ដែលជាទីតាំងមួយសម្រាប់ឲ្យប្រជាពលរដ្ឋ ជាពុទ្ធបរិស័ទ ធ្វើបុណ្យដាក់ទានសន្សំកុសល នឹងទទួលបានសន្តិភាពផ្លូវចិត្តផងដែរ

ជាមួយគ្នានោះឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ស្រុកស្ទឹងត្រង់ ទទួលបានការអភិវឌ្ឍន៍ និង រីកចម្រើនគួរឱ្យកត់សំគាល់ និងទទួលបានសមិទ្ធផលជាប្រវត្តិសាស្ត្រជាចំណងដៃជូនប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ រួមមានស្ពាន មិត្តភាពកម្ពុជា-ចិន(ស្ទឹងត្រង់-ក្រូចឆ្មារ) ផ្លូវលេខ៧១សរួមនឹងសមិទ្ធផលនានា និងការរីកចំរើនទាំងផ្នែកអាណាចក្រ និងពុទ្ធចក្រ ពិតជាសរបញ្ជាក់យ៉ាងច្បាស់ថា សុខសន្តិភាព និងសុដុមនីកម្មសាសនានៅកម្ពុជា ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍រីកចំរើន របស់ សង្គមជាតិយើងទាំងមូល។

ឯកឧត្តមអភិបាលខេត្ត បន្តថា កត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងប្រដាប់ អាវុធគ្រប់លំដាប់ថ្នាក់ និងមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងការចូលរួមថែរក្សាសុខសន្តិភាព ចូលរួមការអនុវត្ត គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» បានធ្វើឱ្យបរិយាកាស សន្តិសុខ នៅតាមសហគមន៍ ភូមិ-ឃុំ-សង្កាត់ កាន់តែមានភាពកក់ក្តៅ និយាយជារួមខេត្តកំពង់ចាម ប្រជាពលរដ្ឋជាទូទៅរស់នៅប្រកបដោយភាពសុខដុមរមនា និងមានភាព ជឿជាក់ព្រមទាំង បានបង្កលក្ខណៈសម្បត្តិគាប់ប្រសើរដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចលើគ្រប់វិស័យ និងបាន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ មានឱកាសគ្រប់គ្រាន់ក្នុងការប្រតិបត្តិជំនឿសាសនានិងមានឱកាសចូលរួមជួបជុំក្រុមគ្រួសារ ចូលរួម កំសាន្ត និងប្រកបរបរចិញ្ចឹមជីវិតដើម្បីបង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចខេត្តផងដែរ ៕