រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ក្រោមដំបូលនៃសន្តិភាព សាសនាទាំងអស់នៅកម្ពុជា រស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម

0

ខេត្តក្រចេះ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា បានលើកឡើងថា ស្ថិតក្រោមដំបូលនៃសន្តិភាព ស្ថិរភាពនយោបាយពេញលេញ បន្ទាប់ពីថ្ងៃរំដោះ ៧មករា ១៩៧៩ មក បានធ្វើឱ្យសាសនារស់រានមានជីវិតឡើងវិញ ខណៈសាសនាទាំងអស់នៅកម្ពុជា គឺរស់នៅជាមួយគ្នាដោយសុខដុមនីយកម្ម ហើយនៅកម្ពុជា គឺគ្មានជម្លោះសាសនានោះទេ។

ការលើកឡើងរបស់លោក នេត្រ ភក្ត្រា បែបនេះ បានធ្វើឡើងក្នុងគ្រាដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារថ្មី និងសម្ពោធឆ្លងសមិទ្ធផលនានា នៅក្នុងវត្តវេឡុវ័ន (ហៅវត្តព្រែកសាម៉ាន់) នាថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅភូមិព្រែកសាម៉ាន់ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ។

ពិធីនេះមានការនិមន្តចូលរួមពីសំណាក់សម្តេចព្រះពុទ្ធជ័យមុនីបណ្ឌិត ឃឹម សន សម្តេចព្រះសង្ឃនាយករងទី៣ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះមេគណរាជធានីភ្នំពេញ, សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ សម្តេចព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃ នាយកគណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, ព្រះវិមលរតនៈបណ្ឌិត ទេព ហត្ថា ព្រះរាជាគណៈកិត្តិយស និងជាព្រះសុគន្ធសីលសារ ព្រះមេគណខេត្តក្រចេះ, លោក ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ, លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុង-ស្រុកទាំង៧ និងប្រជាពុទ្ធបរិស័ទជាច្រើនរយនាក់។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ថា «ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា សាសនាទាំងអស់ ដែលនៅក្នុងប្រទេសកម្ពុជា គឺមានសុខដុមនីយកម្ម សាសនានៅកម្ពុជា បានកើតឡើងដំណាលគ្នា គឺថ្ងៃរំដោះ ៧មករា ១៩៧៩ ហើយសាសនាទាំងអស់នៅក្នុងប្រទេសកម្ពុជា គឺរស់នៅក្នុងភាពសុខដុមនីយកម្មជាមួយគ្នា អត់មានឈ្លោះទាស់ទែងគ្នាទេ»។

លោក នេត្រ ភក្ត្រា មានប្រសាសន៍ទៀតថា ប្រសិនបើយើងមើលទៅបណ្តាប្រទេសដទៃទៀត បញ្ហាសាសនា គឺមានការឈ្លោះទាស់ទែងគ្នា ដែលសង្គ្រាមសាសនានេះ មានភាពជ្រៅជ្រះយ៉ាងខ្លាំង ហើយបង្កើតឱ្យមានបញ្ហានៅក្នុងសង្គម ក៏ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា ក្រោមការដឹកនាំ និងសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា គឺសាសនាទាំងអស់ បានរស់នៅក្នុងសង្គមជាមួយគ្នា ប្រកបដោយភាពសុខដុមនីយកម្ម ក្រោមបូលសន្តិភាព ស្ថិរភាពពេញ។

លោករដ្ឋមន្ត្រីបានបន្តថា កម្ពុជា ត្រូវបានបណ្តាប្រទេសនានានៅលើពិភពលោក បានតាមដាន និងវាយតម្លៃខ្ពស់ ចំពោះការធ្វើឱ្យមានសុខដុមនីយកម្មសាសនា ខណៈបណ្តាប្រទេសផ្សេងៗទៀតនៅក្នុងពិភពលោក បានមកយកគំរូល្អពីកម្ពុជា។ ដោយចោទសួរថាតើកម្ពុជា ជាប្រទេសដែលមានសាសនាច្រើន តើហេតុអ្វីបានជាសាសនាទាំងអស់នេះ អាចរស់នៅជាមួយគ្នាដោយភាពសុខសាន្តបាន ខណៈកម្ពុជា បានយកព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ។

រដ្ឋមន្ត្រីព័ត៌មាន លោក នេត្រ ភក្ត្រា បានបន្ថែមថា ចំណុចដែលធ្វើឱ្យសាសនាផ្សេងៗទៀត អាចរស់នៅជាមួយគ្នាដោយសុសសាន្ត ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា បានប្រកាន់យកគោលការណ៍ ការគោរពគ្នាទៅវិញទៅមក។ លោកថា រាជរដ្ឋាភិបាល បានធានានូវការអភិរក្សប្រពៃណី វប្បធម៌ខ្មែរ ដែលបុព្វបុរសបានបន្សស់ទុកឱ្យ ដែលមានបង្កប់នូវមេត្តា ដែលបានធ្វើឱ្យកម្ពុជា មានវប្បធម៌រុងរឿងរហូតមក លើកលែងតែសម័យ ប៉ុល ពត ដែលមានតែការកាប់សម្លាប់យ៉ាងរង្គាលទៅវិញ។

លោករដ្ឋមន្ត្រី បានបន្ថែមទៀតថា ប្រទេសកម្ពុជា គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ។ ពិតមែនតែនៅក្នុងប្រទេសកម្ពុជា មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែ យើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាន នូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជា។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ លោក នេត្រ ភក្ត្រា​ បានថ្លែងរំលឹកថា នៅកម្ពុជាគ្រប់សាសនាទាំងអស់ បានឆ្លងកាត់នូវស្ថានភាពដូចគ្នា នៅក្នុងរបបប្រល័យពូជសាសនា ប៉ុល ពត សមិទ្ធផលគ្រប់សាសនា មិនថាព្រះសាសនា គ្រឹស្តសាសនា សាសនាឥស្លាម ត្រូវបានបំផ្លាញគ្មានសល់ ទើបក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់ឡើងវិញ ទទួលនូវឱកាសដូចគ្នា និងសិទ្ធិដូចគ្នា៕ដោយ៖ឡុង សំបូរ