ខេត្តព្រះវិហារ៖ មេបញ្ជាការរង និងជានាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ តំណាងលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានដឹកនាំមន្ត្រីការងារចុះសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ផ្តល់ជូនប្រជាពលរដ្ឋ ១៥គ្រួសារ ដែលរងផលប៉ះពាល់ និងរងគ្រោះដោយគ្រោះធម្មជាតិខ្យល់កន្ត្រាក់ នារសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ស្ថិតនៅឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
អំណោយដែលត្រូវចែកជូនប្រជាពលរដ្ឋទាំង ១៥គ្រួសារ នៅគ្រានោះ ដោយក្នុង ១គ្រួសារៗ ទទួលបាន អង្ករ០១បេ, មី០១កេស, ទឹកត្រី០១យួ, ទឹកស៊ីអ៊ីវ០១យួ និងត្រីខកំប៉ុង០១យួ ។នៅក្នុងឱកាសនោះ ក្រុមការងារក៏បានប្រគេនសម្ភារជូនព្រះសង្ឃ គង់នៅវត្តដាច់ស្រយាលមួយ នូវអង្ករ០១បេ, មី០១កេស, ទឹកត្រី០១យួ, ទឹកស៊ីអ៊ីវ ០១យួ រួមទាំងត្រីខកំប៉ុង ០១យួ ផងដែរ។
នៅក្នុងឱកាសនោះ លោកវរសេនីយ៍ឯក ម៉ៅ សុវណ្ណ បានថ្លែង ពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ប្រកបដោយក្តីនឹករលឹកបំផុត។ លោកថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ នៅតែគិតគូពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងនៅគ្រប់ទីកន្លែង៕ដោយ៖ឡុង សំបូរ