ភ្្នំពេញ ៖ហេតុការណ៍ភ្ញាក់ផ្អើលមួយដោយសារតែក្រុមកូនអ្នកមានមួយក្រុមបានចូលផឹកស៊ីនៅក្នុងភោជនីយ៍ដ្ឋានអត់បញ្ហាហើយបានទាស់ពាក្សសំដីគ្នាហើយបុរសម្នាក់បានដើរចេញក្រៅទៅយកកាំភ្លើងពីក្នុងរថយន្តបាញ់មួយគ្រឿងចូលទៅក្នុងហាង កាល ពីវេលាម៉ោង២២និង៥០នាទីយប់ ថ្ងៃទី១២
ខែវិច្ជិកា ឆ្នាំ២០១៤ នៅតាមបណ្តោយផ្លូវលេខ៣៦០កែងផ្លូវលេខ១៦៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន ហើយពួកគេ បានឡើងជិះរថយន្តគេចខ្លួនបាត់បន្សល់ទុករថយន្តមួយគ្រឿងនៅកន្លែងកើតហេតុ។
តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញ ក្រុមកូនអ្នកមានមួយគ្រុមមានគ្នា៤ទៅ៥នាក់ក្នុងនោះមាននារីម្នាក់ បានជិះរថយន្ត២គ្រឿងមួយគ្រឿងម៉ាកតូយូតា កាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់លេខភ្នំពេញ2AB-2331 និងមួយទៀតម៉ាកប្រាដូ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2I-0599 បានមកចូលផឹកស៊ីនៅក្នុងភោជនីយ៍ដ្ឋានអត់បញ្ហា ខណៈដែលពួកគេកំពុងផឹកស៊ីសុខៗ បានប្រហែលជាជិតមួយម៉ោងក្រោយមក ស្រាប់តែកើតមានជំលោះក្នុងតុជាមួយគ្នា ស្រែកឡូឡាពេញក្នុងហាង បង្កឲ្យមានការភ្ញាក់ផ្អើកដល់ម្ចាស់ហាងនិងភ្ញៀវដែលអង្គុយក្បែរ។
បន្ទាប់មកស្រាប់តែមានភាគីម្ខាងទៀតបានរត់ចេញក្រៅចូលទៅក្នុងរថយន្តរបស់ខ្លួនយកកាំភ្លើងខ្លីមួយដើម មកបាញ់មួយគ្រាប់ចូលក្នុងហាង តែសំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ ហើយពួកគេបានឡើងបើករថយន្តម៉ាកប្រាដូគេចខ្លួនបាត់ស្រមោលបន្សល់ទុករថយន្តមួយគ្រឿងម៉ាកតូយូតាកាមរីបាឡែននៅកន្លែងកើតហេតុ។
ក្រោយពេលកើតហេតុកម្លាំងកងរាជអាវុធហត្ថបានចុះមកដល់ចំណុចកើតហេតុនិងស្ទូចរថយន្តទៅរក្សាទុកនៅកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីរងចាំដោះស្រាយនៅពេលក្រោយ ។ទាក់ទិននិងហេតុការណ៍ខាងលើនេះសមត្ថកិច្ចនៅមិនទាន់អាចបញ្ជាក់ថារឿងហេតុនេះបង្កឡើងដោយសាររឿងអ្វីឲ្យពិតប្រាកដនោះទេ ៕