ភ្នំពេញ៖ រថយន្តរ៉េងរ៉ូវ័រមួយគ្រឿងបានរងការខូចខាតយ៉ាងដំណំដោយសារតែបុរសម្នាក់ស្រវឹងស្រាបើកបរ ក្នុងល្បឿនលឿនជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវធ្លាក់ខ្ចាយពេញផ្លូវ រួចរថយន្តមិនទាន់អស់ល្បឿនក៏បន្តទៅបុកផ្ទះប្រជាពលរដ្ឋ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣
នឹង១៥នាទីទំលងអាធ្រាតឈានចូលថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ តាមបណ្តោយផ្លូវលេខ២១៥ កែងនឹងផ្លូវ១៨៣ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។
ប្រភពពត៌មានពីសាក្សីដែលបានឃើញហេតុការណ៍នេះបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញបុរសម្នាក់ទំនងជាស្រវឹងស្រាបើកបររថយន្តមួយគ្រឿងពណ៍ស ម៉ាករ៉េងរ៉ូវ័រ ពាក់ស្លាកលេខភ្នំពេញ 2I- 8808 ទិសដៅពីត្បូងទៅជើងក្នុងល្បឿនយ៉ាងលឿន ធ្វើដំណើរតាមបណ្តោយផ្លូវលេខ២១៥ ខណៈមកដល់ចំណុចស្តុបផ្សារដេប៉ូ កែងនឹងផ្លូវលេខ១៨៣ ស្រាប់តែរេចង្កូតឡើងឃឿនទៅបុកបង្គោលភ្លើង បំភ្លឺ ផ្លូវបណ្តាលឱ្យធ្លាក់អំពូលខ្ចាយពេញផ្លូវ ហើយរថយន្តមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកផ្ទះប្រជាពលរដ្ឋ បណ្តាលឱ្យរថយន្តដាច់កាឡេ គាប់ជាប់ទៅមុខលែងរួចខូចខាតយ៉ាងដំណំ ប៉ុន្តែអ្នកបើកបរមិនបានរងរបួសនោះទេ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និង បានទំនាក់ទំនងទៅនគរបាលជំនាញចុះមកវាស់វែង រួចស្ទូចយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ។
គួរបញ្ជាក់ផងដែរថា គ្រោះថ្នាក់ចរាចណ៍ខាងលើនេះគឺបណ្តាលមកពីអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង បើកបរក្នុងល្បឿនលឿនទើបបង្កឱ្យមានគ្រោះថ្នាក់ដូច្នេះ ប៉ុន្តែមិនបណ្តាលឱ្យនណារម្នាក់រងរបួសនោះទេ ៕