កំពង់ឆ្នាំង៖អ្នកប្រើប្រាស់ និងចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំងត្រូវបានសមត្ថកិច្ចពទ្ធ័ចាប់ខ្លួនបានក្នុងលំនៅដ្ឋានតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្ត។ករណីបង្ក្រាបជនល្មើសខាងលើនេះបានធ្វើឡើងវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤
នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង។
លោក ញ៉ោក ប៊ុនធី អធិការរងនគរបាលក្រុងកំពង់ឆ្នាំងបានអោយដឹងថា៖ជនល្មើសខាងលើនេះ ឈ្មោះ យ៉ង សាវុធ អាយុ២៩ឆ្នាំ រស់នៅក្នុងភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ជាមុខសញ្ញាប្រើប្រាស់និងចែកចាយគ្រឿងញៀនដ៏សកម្មម្នាក់នៅក្នុងក្រុងកំពង់ឆ្នាំង។
អនុវត្តន៍តាមដីកាចាប់ខ្លួនលេខ ១១៤ ចុះធ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៤ របស់លោកញូង ចន្ធី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង៩និង២៥នាទីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ សមត្ថកិច្ចនគរបាលព្រហ្មទណ្ឌ័ក្រុងកំពង់ឆ្នាំង បានសហការជាមួយសមត្ថកិច្ចនគរបាលមូលដ្ឋាន ពទ្ធ័ចាប់ខ្លួនគេបាននៅក្នុងលំនៅដ្ឋានខាងលើ។
នៅក្នុងដីកាបង្កាប់អោយចាប់ខ្លួនបានអោយដឹងថា៖ជនល្មើសខាងលើនេះត្រូវបានចៅក្រមស៊ើបសួរកោះហៅអោយចូលខ្លួនឆ្លើយបំភ្លឺ ទាក់ទងនិងជនល្មើសឈ្មោះ ហេង និវិត អាយុ២២ឆ្នាំជាអ្នករត់ម៉ូតូឌុប ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ពីបទរក្សាទុក ដឹកជញ្ជូនសារធាតុញៀនខុសច្បាប់ បានឆ្លើយថាបានទិញគ្រឿងញៀនពីឈ្មោះ យ៉ង សាវុធ តែឈ្មោះនេះតុលាការកោះហៅមិនចូលខ្លួន ទើបត្រូវលោកចៅក្រមស៊ើបសួរបង្គាប់អោយចាប់ខ្លួន។
ជនល្មើសរូបនេះត្រូវបានសមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំង បញ្ជូនខ្លួនតាមដីកាទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕