ខេត្តកំពត: ក្រុមការងារចុះឈ្មោះបោះឆ្នោត(ក.ច. ប) និងអាជ្ញាធរឃុំសង្កាត់ បានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ កំពុងដំណើរការល្អ ប្រជាពលរដ្ឋមានការយល់ដឹង និងបានមកពិនិត្យ និងធ្វើជីវមាត្រជាបន្តបន្ទាប់ ខណៈដែលការផ្ទេរការិយាល័យ និងការចុះឈ្មោះថ្មី មានភាពងាយស្រួល និងឆាប់រហ័សជាងមុន។
អនុប្រធានក្រុមការងារចុះឈ្មោះបោះឆ្នោត(ក.ច. ប) សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត លោក តេង រីយ៉ុន បានឲ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥ មានរយៈពេល២៦ថ្ងៃ ចាប់ពីថ្ងៃទី១-២៦ខែឧសភា ឆ្នាំ២០២៥។ ហើយ៥ថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋបាននាំគ្នាមកពិនិត្យ និងចុះឈ្មោះយ៉ាងសស្រាក់សស្រាំ។
ចៅសង្កាត់កំពង់កណ្តាល លោក ទី វុទ្ធី បានឲ្យដឹងដែរថា សម្រាប់សង្កាត់កំពង់កណ្តាល ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្នោះបោះឆ្នោត(គជប) សរុប ៤ ៨៨៥នាក់ ហើយការចុះឈ្មោះថ្មី ចាប់ពីថ្ងៃ១ ដល់ ថ្ងៃទី៤ បានចំនួន២០នាក់ និងធ្វើជីវមាត្របាន១៦៥នាក់។ លោកបានបញ្ជាក់ថា ដំណើរកាពិនិត្យ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២៥នេះ កាន់តែងាយស្រួល និងឆាប់រហ័ស។
ប្រជាពលរដ្ឋក៏បានបង្ហាញអារម្មណ៍រីករាយក្នុងការមកពិនិត្យ និងចុះឈ្មោះបោះឆ្នោតដែរថា ការមកពិនិត្យ និងចុះឈ្មោះបោះឆ្នោត ជាកាតព្វកិច្ចរបស់ពលរដ្ឋ។ លោកបានស្នើដល់ពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត គួររូសរាន់មកពិនិត្យឲ្យបានគ្រប់គ្នា ដើម្បីងាយស្រួលក្នុងពេលបោះឆ្នោត។
តាមរបាយការណ៍របស់លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តកំពត ពលរដ្ឋមានឈ្មោះក្នុងបញ្ជីឆ្នាំ២០២៤ សរុបចំនួន ៤៣៥ ០២៦នាក់ ក្នុងនោះពលរដ្ឋពលរដ្ឋត្រូវធ្វើជីវមាត្រចំនួន ២៩០ ៣៦៨នាក់។ ហើយបើយោងតាមរបាយការណ៍ស្តីពីលទ្ធផល នៃការចុះឈ្មោះបោះឆ្នោតតាមបណ្តាឃុំសង្កាត់ នៃខេត្តកំពត គិតត្រឹមថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ ពលរដ្ឋមកចុះឈ្មោះបន្ថែម ចំនួន ១៥៣៦នាក់ ក្នុងនោះ៖ ចុះឈ្មោះថ្មី ១០៧៧នាក់ ផ្ទេរចូល៣២៤នាក់ ប្តូរការិយាល័យក្នុងឃុំ១៣៥នាក់។ លប់ឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន ៥០២នាក់ សរុបពលរដ្ឋក្នុងបញ្ជីបោះឆ្នោតគិតត្រឹមថ្ងៃទី៤ ខែឧសភា មានចំនួន៤៣៦០៦០នាក់ ៕ សេង ណារិទ្ធ