សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំរាត្រីស្រមោលសរ មនុស្សធម៌ នៃខួបលើកទី១៦២ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥ ក្រោមប្រធានបទ (រួមគ្នាស្ម័ត្រចិត្ត ដើមី្បសហគមន៍មានសុខភាពល្អ និង មានភាពធន់នឹងអាកាសធាតុ) ក្នុងការប្រមូលថវិកាសម្រាប់យកទៅធ្វើសកម្មភាពជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងខេត្ត ក៏ដូចបណ្តាខេត្តផ្សេងៗ ដែលទទួលរងគ្រោះ ដោយគ្រោះធម្មជាតិ ឬ ឧបទ្ទវហេតុផ្សេងៗ ដោយមិនបានប្រកាន់បក្ខពួក ពូជសាសន៍ ពណ៌សម្បុរ និងនិន្នាការនយោបាយណាមួយឡើយ។ ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងក្រោមវត្តមានចូលរួមរបស់ឯកឧត្តមនាកយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោកជំទាវ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងពីបញ្ហាប្រឈមជាសាកល នៃចលនាកាកបាទក្រហម អឌ្ឍចន្ទក្រហម ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ។ ពិធីរាត្រីស្រមោលស នេះ បានប្រារព្ធធ្វើឡើងនៅភោជនីយដ្ឋាន វិមានមង្គល ខេត្តសៀមរាប រាត្រីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តសៀមរាបបានមានប្រសាសន៍ថា ឆ្នាំនេះសាខាកាកបាទក្រហមខេត្ដសៀមរាប បានរៀបចំរាត្រីស្រមោលសនេះឡើង ដើម្បីកៀរគររកមូលនិធិ ដែលជាប្រភពធនធានសម្រាប់ធ្វើប្រតិបត្តិការមនុស្សធម៌ ក្នុងឱកាសប្រារព្ធខួបទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម៨ឧសភា។ ឯកឧត្តមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនទំាងអស់ដែលបានគាំទ្រដល់សកម្មភាពមនុស្សធម៌របស់កាកបាទក្រហមដោយបានជួយឧបត្ថម្ភជាទឹកប្រាក់និងសម្ភរជូនដល់កាកបាទក្រហមកម្ពុជា។ ឯកឧត្តមអភិបាលខេត្ដក៏បានប្តេជ្ញាយកថវិកាទំាងនេះទៅជួយឲ្យចំគោលដៅនៃការលំបាករបស់ប្រជាពលរដ្ឋ ជាពិសេសគឺនៅពេលជួបនូវគ្រោះធម្មជាតិ និងឧបទ្ទវហេតុផ្សេងៗ។
សម្តេចពិជ័យសេនា នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥ ទៀ បាញ់ ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានគូសបញ្ជាក់ថា ក្នុងរាត្រីស្រមោលស អបអរខួបទី១៦២ ទិវាពិភព លោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២៥នេះ តាមរយៈការចូលរួមឧបត្ថម្ភគាំទ្រពី ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី នាងកញ្ញា ជាសប្បុរសជនទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាពីគ្រប់មជ្ឈដ្ឋានក្នុង និង ក្រៅខេត្តកន្លងមក កាន់តែយល់ដឹងច្រើន អំពី វប្បធម៌នៃការចែករំលែកសម្រាប់ការងារជួយសង្គម និង បានញ៉ាំងឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាបមានលទ្ធភាពគ្រប់គ្រាន់ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយគ្រោះមហន្តរាយ និងឧបទ្ទវហេតុផ្សេងៗ បានទាន់ពេលវេលាដោយមានប្រសិទ្ធភាព។ សម្តេចពិជ័យសេនា បានគូសបញ្ជាក់ថា ការចូលរួមគាំទ្រដល់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប គឺជាការចូលរួមជួយសម្រាលបន្ទុកដ៏ធ្ងន់ធ្ងររបស់ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ស្របតាមទិសវិមជ្ឈការ និងវិសហមជ្ឈការផងដែរ ។ ក្នុងរយៈពេលកន្លងមកនេះ សាខាបានជួយដល់ប្រជាពលរដ្ឋរងគ្រោះ និង ងាយរងគ្រោះបំផុត បានយ៉ាងរហ័ស នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា មិនមានភាពរើសអើង និងតម្លាភាពខ្ពស់ ។ ជាក់ស្តែងក្នុងឆ្នាំ២០២៤កន្លងទៅ បានជួយប្រជាពលរដ្ឋងាយរងគ្រោះដោយផ្ទាល់ និងតាមខ្នងផ្ទះ រួមទាំងប្រយោលជាង ៥ម៉ឺន នាក់។ ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនាក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរទំាងអស់ បន្តប្រពៃណីវប្បធម៌ចែករំលែកធ្វើសកម្មភាពសាមគ្គីគ្នា រួបរួមគ្នាឲ្យបានខ្លំាងក្លាបន្ថែមទៀត ដើម្បីធ្វើឲ្យប្រទេសកម្ពុជាកាន់តែមានភាពរីកចម្រើនជឿនលឿនទៅមុខទៀតផង ៕