ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងដោយសាររថយន្តម៉ាកកាមរីបា ឡែនមួយ គ្រឿង បើកបរដល់ចំណុចផ្លូវកែងមិនប្រយ័ត្នជ្រុលបុកម៉ូតូវីវ៉ា ពេញទំហឹង បណ្តាលអោយដួលរងការខូចខាតនៅ ចំណុចផ្លូវលេខ ១៣៦ កែងនឹងផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ កាលពីវេលាម៉ោង ១២ និង ០០នាទីយប់ឈានចូលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤។
យោងតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេសង្គេត ឃើញបុរសពីរនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1BM-1971 ជិះធ្វើដំណើរឌុបគ្នា ធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនល្មម លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2Q-8374 បើកបរដោយបុរស ចំណាស់ម្នាក់
ស្ថិតក្នុងស្ថានភាពស្រវឹង ធ្វើដំណើរតាមបណ្តោយផ្លូវលេខ១៣៦ ទិសដៅពីលិចទៅកើត ក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុស្រាប់តែជ្រុលបុកម៉ូតូវីវ៉ា ពេញទំហឹងបណ្តាលអោយដួល បោកផ្ទប់ទៅនឹងថ្នល់រងការខូចខាតទាំងរថយន្ត និងម៉ូតូ ប៉ុន្តែមិនមានបណ្តាលអោយមានមនុស្សរងរបួសធ្ងន់ ឡើយគ្រាន់តែ រលាត់ដៃរលាត់ជើងបន្តិចបន្តួចតែប៉ុណ្ណោះ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានសហការជាមួយជំនាញចុះអន្តរាគមន៍វាស់វែង រួចយក ទាំងរថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ រងចាំដោះស្រាយនាពេលក្រោយ៕ ដោយ ហុក ខេមរា





































