បាត់ដំបង: បន្ទាប់ពីប្រជាពលរដ្ឋនៅឃុំចំនួន4ក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានធ្វើញ្ញតិ្តតវ៉ាស្តីពីក្រុមហ៊ុនឯកជនមួយដែលបានតំឡើងថ្លៃភ្លើងរហូតដល់3500រៀលក្នុងមួយkwនោះនៅព្រឹកថ្ងៃទី14-11-14 ក្នុងទីតាំងសាលាស្រុកសំឡូត មានការជួបជុំគ្នារវាងតំណាងក្រុមហ៊ុន និងតំណាង
ប្រជាពលរដ្ឋក្នុងឃុំចំនួន4ដើម្បីរកដំណោះស្រាយនិងបញ្ចប់ការប្រឆាំងតវ៉ានេះ. នៅក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកអភិបាលស្រុក ឥន្ទ សៅឫទ្ធិលោក តេង សុខុមាល តំណាងក្រុមហ៊ុនអគ្គីសនីកម្ពុជា ( EDC ) លោក ស៊ាន សេនា តំណាងក្រុមហ៊ុនវិនិយោគនៅស្រុកសំឡូត ( ASDVM ) និងប្រជាពលរដ្ឋចំនួន48 រូបតំណាងអោយឃុំចំនួន4គឺឃុំមានជ័យ ឃុំសំឡូត ឃុំអូរសំរិល និងឃុំស៊ុង. ។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃទី3-11-14 មានប្រជាពលរដ្ឋជាច្រើនបានជួបជុំគ្នាព្រមទាំងបានធ្វើញ្ញតិ្តតវ៉ាប្រឆាំងទៅនឹងការយកថ្លៃភ្លើងក្នុងតំលៃ3500រៀលដែលស្មើនិងតំលៃភ្លើងឯកជនកាលពីភ្លើងរដ្ឋមិនទាន់អូសចូលទៅដល់ដែលទំនងជាក្រុមហ៊ុនឯកជននេះគិតថាពលរដ្ឋនៅទីឆ្ងាយៗល្ងង់ឬយ៉ាងណាបានជាគេសំងំធ្វើបែបនេះអស់រយ:ពេលយ៉ាងយូរទើបរឿងនេះត្រូវបានផ្ទុះឡើង. ។
នៅក្នុងជំនួបនាឱកាសនោះដែរក៏មានការសំរបសំរួលគ្នាដោយសន្តិវិធីរហូតដល់តំលៃមួយដែលប្រជាពលរដ្ឋអាចទទួលយកបានគឺគេបានកំណត់តំលៃក្នុងខែវិច្ឆិកា និងខែធ្នូ 1600រៀល លុះនៅខែមករា កុម្ភ: មីនា ឆ្នាំ2015តំលៃធ្លាក់មកត្រឹម 1500រៀលហើយចាប់ពីខែមេសារហូតដល់ដំណាច់ឆ្នាំគឺនៅសល់តែ1400រៀលតែប៉ុណ្ណោះ ដោយឡែកចាប់ពីដើមឆ្នាំ2016ក្រុមហ៊ុននិងទំលាក់តំលៃនៅត្រឹមតែ 1100រៀលវិញ. ។
ក្រោយពីមានការឯកភាពនិងព្រមព្រៀងគ្នាលើតំលៃនេះរួចមកធ្វើអោយអារម្មណ៍របស់ប្រជាពលរដ្ឋមានភាពស្រស់ថ្លាឡើងវិញដោយពួកគាត់គិតថាវាជាតំលៃដែលពួកគាត់អាចទទួលយកបានបើទោះបីជាមានការខ្ពស់ជាតំលៃនៅក្នុងខេត្តក៏ដោយព្រោះតំបន់ដែលពួកគាត់រស់នៅវានៅឆ្ងាយពីខេត្តរាប់សិបគីឡូម៉ែត្រដូច្នេះវាមិនមានបញ្ហានោះឡើយ. ៕