ខេត្តកំពង់ស្ពឺ ៖ កំលាំងកងរាជអាវុធហត្ថ ស្រុកសំរោងទង បានបង្ក្រាបអ្នករត់ម៉ូតូឌុបចំនួន ៦នាក់ដកហូតម៉ូតូ ៥គ្រឿងដែលនាំគ្នាលេងល្បែងស៊ីសង មកធ្វើការណែនាំអប់រំ រួចឱ្យត្រប់ទៅផ្ទះប្រកបកិច្ចការងាររកស៊ីធម្មតា ។ សកម្មភាពបង្ក្រាបអ្នករត់ម៉ូតូប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនេះ បាន
កើតមានឡើងកាលពីវេលាម៉ោង១៥ និង១០នាទីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតត្រង់ចំណុចខាងក្រោយរោងចក្រសាប្រ៊ីណា ភូមិត្រពាំងឫស្សី ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។
ក្រុមម៉ូតូឌុបដែលត្រូវបានសមត្ថកិច្ចបង្ក្រាបយកមកធ្វើការអប់រំនោះ ទី១ឈ្មោះសំរិទ្ធ ប៊ូ ភេទប្រុស អាយុ ៣២ឆ្នាំ ទី២ឈ្មោះសេវ អាន ភេទប្រុស អាយុ៥០ឆ្នាំ ទី៣ឈ្មោះម៉ាត់ អុល ភេទប្រុស អាយុ៤៧ឆ្នាំ ពួកគាត់មានទីលំនៅភូមិត្រពាំងវែង ឃុំត្រពាំងគង ទី៤ឈ្មោះសែម យ៉ន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិត្រពាំងត្រាវ ឃុំរលាំងគ្រើល ស្រុកសំរោងទង ទី៥ឈ្មោះលាប ឡា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិថ្មី ឃុំពាំងល្វា ស្រុកឧដុង្គ និងទី៦ឈ្មោះខែម គឿន ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិចំការតាង៉ែត ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងនោះដកហូតបានវត្ថុតាងបៀមួយហ៊ូ និងម៉ូតូចំនួន ៥គ្រឿង ម៉ាកC100កូរ៉េ ពណ៌ក្រហម ៣គ្រឿង និងហុងដាC125 ចំនួន២គ្រឿងផងដែរ ។
លោកវិន ឡេងហួង មេបញ្ជាការប៉េអឹម ស្រុកសំរោងទង បានប្រាប់ឱ្យដឹងថា ការចុះបង្ក្រាប ក្រុមអ្នកលេងល្បែងនោះ ធ្វើឡើងដើម្បីអនុវត្តន៍ តាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាល និងយោងតាមបទបញ្ជាររបស់ខេត្តក្នុងការលប់បំបាត់ល្បែងស៊ីសងគ្រប់ប្រភេទតាមមូលដ្ឋាន ។ លោកបន្តថា ជារៀងរាល់ថ្ងៃកំលាំងអាវុធហត្ថស្រុកសំរោងទង បានចេញល្បាតតាមគោលដៅសំខាន់ៗទាំងយប់ទាំងថ្ងៃ ដើម្បីការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជួនប្រជាពលរដ្ឋ និងសង្គមសបតាមយុទ្ធសាស្ត្រគោនយោបាយរបស់ថ្នាក់ដឹកនាំរដ្ឋាភិបាល ។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ថា មុនពេលបង្ក្រាបក្រុមអ្នករត់ម៉ូតូ មិនប្រឹងរកម៉ូយនាំគ្នាមកសំងំលេងល្បែងនេះ គឺត្រូវបានកំលាំងជិះម៉ូតូល្បាតប្រទះឃើញកំពុងតែលេងល្បែស៊ីសងរួចក្របួចជាប់តែម្តង ។ ប្រភពបន្តថា ចំពោះអ្នកពាក់ព័ន្ធក្នុងករណីល្បែងទាំង៥នាក់ និងវត្ថុតាងម៉ូតូ ក្រោយពីធ្វើកិច្ចសន្យា អប់រំណែនាំរួចរាល់ ត្រូវបានក្រុមគ្រួសារមកធានា ហើយអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះ ដើម្បីប្រកបមុខរបរកស៊ីធម្មតាវិញ ៕