ដោយ:ឡុង សំបូរ
ខេត្តស្ទឹងត្រែង : អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានថ្លែង នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ នេះថា ប្រាប់ច្រើនដងហើយ នៅតែមិនជឿ ចង់ធ្វើក្មេងទំនើងនៅខេត្តស្ទឹងត្រែង លទ្ធផល គឺដូចក្នុងរូបភាពខាងក្រោមនេះអញ្ចឹង ។
លោកអភិបាលខេត្តស្ទឹងត្រែង បានបន្តថា ក្នុងនាម ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ខ្ញុំសូមថ្លែង នូវការកោតសរសើរ ចំពោះកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង ដែលបានអនុវត្តតាមបទបញ្ជា បើកការស្រាវជ្រាវរកក្រុមក្មេងទំនើង ដែលបង្កការរំខានដល់សេចក្តីសុខរបស់ប្រជាពលរដ្ឋ ។
លោកអភិបាលខេត្ត បានបន្តទៀតថា បន្ទាប់ពីទទួលបានព័ត៌មាន ពីករណីមានក្រុមក្មេងទំនើង ដេញកាប់គ្នា នៅទីសាធារណៈ ខ្ញុំបានឱ្យគោលការណ៍ទៅ ឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្ត ធ្វើយ៉ាងណា គឺបង្ក្រាបក្រុមនេះឱ្យបានជាដាច់ខាត។
លោកអភិបាលខេត្តបានបញ្ជាក់ថា កម្លាំងជំនាញ ប្រើរយៈពេលមិនដល់ ២៤ម៉ោងផង យើងបង្ក្រាបក្រុមនេះ បានជាហូរហែរ ចំពោះក្រុមដែលនៅសេសសល់ រួមទាំងក្រុមបង្ហោះម៉ូតូ និងក្រុមកែបំពង់ស៊ីម៉ាំងម៉ូតូ បើដឹងខ្លួន សូមចូលខ្លួនមកសារភាព ឬបញ្ឈប់សកម្មភាពជាបន្ទាន់ បើមិនដូច្នោះទេ ច្បាប់នឹងមិនលើកលែងឱ្យឡើយ។
លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរគុណ ចំពោះកិច្ចសហការក្នុងការផ្តល់ព័ត៌មានទាន់ពេលវេលា ពីបងប្អូនប្រជាពលរដ្ឋ។
គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ មានក្រុមក្មេងទំបនើង ២ក្រុម ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋ នៅសួនច្បារមាត់ទន្លេសេកុង គ្រាដែលក្មេងទំនើងទាំង២ ក្រុមនោះ បានធ្វើសកម្មភាពដេញកាប់គ្នាយ៉ាងប្រសេកប្រសាច និងអនាធិបតេយ្យ ។
ប្រជាពលរដ្ឋបានរាយការណ៍ករណីនេះ ជូនថ្នាក់ដឹកនាំខេត្ត ព្រមទាំងបានបញ្ចេញរូបភាពដេញកាប់គ្នា ដែលបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាពនោះ ផងដែរ៕



































