មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជួបសួរសុខទុក្ខយោធិន ដែលត្រៀមចូលរួមឈរផែន និងដើរព្យុហយាត្រា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺន ភ្នំជុំសែនរីករាយ

0

ខេត្តស្ទឹងត្រែង៖ មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព នាថ្ងៃទី៣ មិថុនា ២០២៥ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ ជាមួយនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុអហត្ថ ដែលត្រៀមចូលរួមឈរផែន និងដើរព្យុហយាត្រា ដើម្បីអបអរសាទរខួបលើកទី៣២ ទិវាកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣ – ១៤ កក្កដា ២០២៥) និងសម្ពោធសមិទ្ធផលនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្ថិតក្នុងខេត្តកំពង់ស្ពឺ ។

ពិធីនោះក៏បានការចូលរួមពី លោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង នាយសេនាធិការ ,លោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត រួមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជាច្រើនរូបទៀត ផងដែរ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានថ្លែង កោតសរសើរដល់ នាយទាហាន នាយទាហានរង និងពលទាហាននៃកងរាជអាវុអហត្ថទាំងអស់ ដែលរយៈពេលកន្លងមកបានយកចិត្តទុកដាក់គោរពវិន័យ ខិតខំប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ និងមានការសាមគ្គីភាពគ្នាបានល្អ។ លោកឧត្តមសេនីយ៍មេបញ្ជាការ បានក្រើនរំលឹក ដល់យោធិននៃអាវុអហត្ថទាំងអស់ ត្រូវបន្តការយកចិត្តទុកដាក់ ខិតខំប្រឹងប្រែងរៀនសូត្រ ហ្វឹកហាត់ គោរពវិន័យ សីលធម៌ បទបញ្ជាផ្ទៃក្នុង និងពង្រឹងសាមគ្គីភាពគ្នាឱ្យបានល្អ ជាបន្តទៀត ដើម្បីសម្រេចបានជោគជ័យ លើការអនុវត្តភារកិច្ចនាពេលខាងមុខនេះ ។

គួរបញ្ជាក់ថា នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ ដដែលនោះ លោកឧត្តមសេនីយ៍ត្រី សេង សុភាព ក៏បានចាត់តំណាងនាំយកអំណោយ នូវអង្ករ ៥០គីឡូក្រាម, ត្រីខកំប៉ុង ០២យួរ និងថវិកាមួយចំនួន ឧបត្ថម្ភដល់ពលរដ្ឋដែលជាជនពិការម្នាក់ ឈ្មោះ ហៀង សុខហេង អាយុ ៥៧ឆ្នាំ រស់នៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង មានជីវភាពខ្វះខាត បានមកដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីសុំជំនួយពី លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង។

បុរសជនពិការដែលមានវ័យជាង ៥០ឆ្នាំ បានសម្តែងការអរគុណ ចំពោះលោកមេបញ្ជាការ និងថ្នាក់ដឹកនាំកងរាជអាវុធហត្ថខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ និងផ្តល់គ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន មកដល់រូបគាត់ក៏ដូចពលរដ្ឋក្រីក្រឯទៀត ដែលកំពុងជួបការលំបាកលើជីវភាពរស់នៅប្រចាំថ្ងៃ៕ដោយ៖ឡុង សំបូរ